(កោះកុង)៖ លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង បានដឹកនាំគណៈប្រតិភូមន្ដ្រីក្រោមឱវាទ ចូលរួមកិច្ចប្រជុំស្ដីពីការអភិរក្ស ថនិកសត្វសមុទ្រ នៅតំបន់ទឹកឆ្លងដែន រវាងខេត្តកោះកុង និងខេត្តត្រាត ប្រទេសថៃ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ នៅសាលាប្រជុំ ជុំម៉ៃរូត ស្រុកខ្លងយ៉ៃ ដើម្បីឆ្លើយតបតាមការអញ្ជើញពីភាគីថៃ។

ក្នុងកិច្ចប្រជុំនេះដែរ លោផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង បានលើកឡើងថា ចក្ខុវិស័យរដ្ឋាភិបាលនៃប្រទេសទាំង២គឺបង្ហាញ ពីបច្ចប្បន្នភាពក្នុងការអភិវឌ្ឍន៍គម្រោងការពារ និងអភិរក្សសត្វផ្សោតសមុទ្រ នៅតំបន់ទឹកឆ្លងដែនសមុទ្ររវាងខេត្តកោះកុង និងខេត្តត្រាត ក្នុងនោះដែរអង្គការ IUCN ក៏បានចែករំលែកនូវការងារល្អៗ និងភាពជោគជ័យនៃការគ្រប់គ្រងអភិរក្សថនិកសត្វសមុទ្រនៅតំបន់ទឹក ឆ្លងដែនផងដែរ។

លោកបន្ដថា ខេត្តទាំង២ ត្រូវផ្តល់បទពិសោធន៍លើកិច្ចសហប្រតិបត្តិការនៅតំបន់ទឹកឆ្លងដែន ដោយយកសត្វផ្សោតសមុទ្រមកធ្វើការ អភិរក្សរួមគ្នា ជាពិសេសសត្វផ្សោតសមុទ្រ កំពុងត្រូវបានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ពីស្ថាប័នរដ្ឋាភិបាល និងការអភិរក្សសត្វផ្សោត សមុទ្រតាមសហគមន៍មូលដ្ឋាន ដើម្បីអភិរក្សសត្វផ្សោតសមុទ្រឲ្យមានប្រសិទ្ធភាព និរន្តភាព ហើយទាមទារឲ្យភាគីទាំងសងខាងប្តេជ្ញាចិត្ត ចូលរួមការពារ និងអភិរក្សឲ្យមានតម្លាភាពទាំងអស់គ្នា។

លោកបន្ថែមថា ភាគីទាំង២ត្រូវធ្វើការផ្សព្វផ្សាយ ដល់ប្រជានេសាទនៅដែនសមុទ្រឲ្យចូលរួមចំណែកអភិរក្សថនិកសត្វឲ្យបានទូលំទូលាយ៕