(ភ្នំពេញ)៖ រដ្ឋាភិបាលតួកគី បានមើលឃើញថា កម្ពុជា និងតួកគី មានសក្តានុពលលើវិស័យជាច្រើន ដែលអាចបង្កើនកិច្ចសហប្រតិបត្តិការ វិនិយោគជាមួយគ្នា ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យបាន ១ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ លោក វ៉ាហ៉ីត គីរីសស៊ី (Vahit Kirisci) រដ្ឋមន្ត្រីក្រសួងកសិកម្មតួកគី បានគូសបញ្ជាក់ថា វិស័យដែលមានសក្តានុពលសម្រាប់ វិនិយោគរវាងប្រទេសទាំងពីរ មានដូចជា វិស័យកសិកម្ម ការកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ វិស័យវារីវប្បកម្ម វិស័យគ្រឿងយន្តកសិកម្ម វិស័យសំណង់ វិស័យអាយធី វិស័យកែច្នៃម្ហូបអាហារ និងអាហារហាឡាល់ វិស័យអប់រំ ការផ្តល់អាហារូបករណ៍ឱ្យនិស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសតួកគី ការហោះហើរត្រង់រវាងកម្ពុជា និងតួកគីជាដើម។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេចតេជោ បានគាំទ្រទាំងស្រុងនូវគំនិត ដែលបានលើកឡើងដោយលោករដ្ឋមន្ត្រីកសិកម្មតួកគី។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អានុសាសន៍ឱ្យរដ្ឋាភិបាលតួកគី លើកទឹកចិត្តអ្នកវិនិយោគតួកគី មកវិនិយោគនៅកម្ពុជា តាមរយៈការបង្កើតរោងម៉ាស៊ីនកែច្នៃ សង់ឃ្លាំងស្តុក និងរៀបចំបណ្តាញទិញផលិតផលកសិកម្មពីប្រជាកសិករកម្ពុជា យកមកកែច្នៃ ហើយនាំចេញទៅទីផ្សារតួកគី និងប្រទេសដទៃ។

សម្តេចតេជោ បានបន្ថែមថា នៅកម្ពុជាមានផលិតផលជាច្រើនដូចជា ស្វាយចន្ទី ដំឡូង កៅស៊ូ ស្រូវ ដែលអាចកែច្នៃសម្រាប់នាំចេញ។

សម្តេចតេជោ ក៏បានណែនាំឱ្យពិចារណារៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរ ដើម្បីលើកទឹកចិត្តដល់អ្នកវិនិយោគរវាងប្រទេសទាំងពីរ៕