(បាភ្នំ-ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ រួមជាមួយសហការី បានជួបប្រជុំជាមួយមន្រ្តីសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ដើម្បីប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយ៍៤៤ឆ្នាំថ្ងៃបុណ្យជាតិជ័យជម្នះ ៧មករា «៧មករា ១៩៧៩-៧មករា ២០២៣»

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រីអនុប្រធាន និងសមាជិកក្រុមការងារស្រុក ប្រធានក្រុមការងារឃុំទាំង៩ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន មេភូមិ ការិយាល័យជុំវិញស្រុក មណ្ឌលសុខភាពស្រុក នាយកសាលាកម្រងជុំវិញស្រុក និងអាណាព្យាបាលសិស្ស រួមជាមួយសិស្សជ័យលាភីប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ចំនួន១០រូប សរុបមានអ្នកចូលរួមប្រមាណ៥០០នាក់។

លោក ឡាយ សំអឿន អភិបាលស្រុកបាភ្នំ បានឡើងអានសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីរំឭកខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា។

បន្ទាប់មក លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែងមតិសំណេះសំណាលជាមួយអ្នកចូលរួមក្នុងអង្គពិធីដោយសង្កត់ធ្ងន់ គូសបញ្ជាក់រំឭកឡើងវិញពីអត្ថន័យខ្លឹមសារនៃសច្ចភាពប្រវត្តិសាស្រ្តកម្ពុជា «៧មករា ១៩៧៩» ដែលមានគុណតម្លៃថ្លៃថ្លាសម្រាប់ការរស់រានមានជីវិត ភាពឋិតថេរគង់វង្ស សុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់សង្គមជាតិកម្ពុជារយៈពេល៤៤ឆ្នាំមកនេះ។

លោករដ្ឋមន្រ្តីប្រធានក្រុមការងារស្រុកបាភ្នំបានអះអាង និងប្តេជ្ញាចិត្តក្នុងនាមប្រជាជនស្រុកបាភ្នំទាំងមូលថា៖ «បើគ្មានគណបក្សប្រជាជនកម្ពុជា គឺគ្មានរណសិរ្ស ២ ធ្នូ ១៩៧៨ និងគ្មានជ័យជម្នះ ៧ មករា ១៩៧៩ ដែលបានរំដោះមាតុភូមិ និងប្រជាជនកម្ពុជាឱ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតបានឡើយ។ បើពុំមាន «៧មករា» នៅឆ្នាំ១៩៧៩ ទេ ពុំមានអី្វៗនៅថ្ងៃនេះដែរ ហើយប្រាកដណាស់ពិតជាពុំមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ នោះឡើយ។ល។

ហេតុនេះប្រជាជនកម្ពុជាគ្រប់រូប គ្រប់ជំនាន់ ពិសេសយុវវ័យត្រូវចងចាំជានិច្ចពីគុណតម្លៃនៃសច្ចភាពប្រវត្តិសាស្រ្ត ៧មករា ១៩៧៩ ដើម្បីថែរក្សាកេរ្តិ៍ដំណែលជាមរតកអមតៈ នៃស្មារតី៧មករា និងនយោបាយឈ្នះ-ឈ្នះ ដោយបន្តជំរុញបុព្វហេតុ សុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិសម្រាប់អនាគតរុងរឿងរបស់យើងទាំងអស់គ្នាតាមមាគ៌ា និងមគ្គុទ្ទេសក៍ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

ក្នុងឱកាសនៃពិធីដ៏មហោឡារឹកនេះ ក៏មានការរៀបចំផ្តល់រង្វាន់លើកទឹកចិត្តជូនសិស្ស១០ នាក់នៅក្នុងស្រុកបាភ្នំដែលបានទទួលជ័យលាភីប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ឆ្នាំ២០២២ ដោយម្នាក់ៗទទួលបានទឹកប្រាក់ចំនួន៣លានរៀលផងដែរ៕