(សហរដ្ឋអាមេរិក)៖ លោក កែវ វ៉ាន្នី ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុករដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក បានសហការជាមួយថ្នាក់ដឹកនាំអនុសាខាបក្ស និងយុវជនបក្សតាមបណ្តាទីក្រុងបាន រៀបចំកម្មវិធីអបអរសាទរ ខួបលើកទី៤៤ នៃទិវាជ័យជម្មះ ៧មករា ក្រោមអធិបតីភាពលោក កែវ ឈា ឯកអគ្គរាជកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងម៉ិចសិក និងលោក ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការងារ ចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក និងលោក កែវ វ៉ាន្នី ប្រធានក្រុមការងារអង្គការចាត់តាំងយុវជនទទួលបន្ទុករដ្ធកាលីហ្វរញ៉ា ព្រមទាំងប្រតិភូអមដំណើរ។

កម្មវិធីនេះធ្វើឡើងនៅទីក្រុងទ្បុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក នាម៉ោង១៨៖០០នាទីល្ងាចថ្ងៃសៅរ៍ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ដោយមានប្រជាពលរដ្ឋ និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ចូលរួមសរុបចំនួន៦២០នាក់ យ៉ាងសប្បាយរីករាយក្រៃលែង និងស្និទ្ធស្នាលជាទីបំផុត ក្នុងនាមមហាគ្រួសារខ្មែរតែមួយ។

នៅក្នុងឱកាសនោះ សរ សេរីចិត្រ និងលោក កែវ វ៉ាន្នី បានលើកយកមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកបណ្ឌិតប្រធាន ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនថ្នាក់កណ្តាល, លោក ម៉ឹង ពន្លក ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក។

គណៈកម្មាធិការរៀបចំបុណ្យជាតិ ៧មករា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ដែលបានចូលរួមរៀបចំកម្មវិធីរួមមាន៖

១៖ លោក នូវ ផល្លី ប្រធានអនុសាខាបក្សគណបក្សប្រជាជនកម្ពុជាទីក្រុងឡុងប៊ិច
២៖ លោក គួ ឆាយ ប្រធានកិត្តិយសអនុសាខាបក្សទីក្រុងឡុងប៊ិច
៣៖ លោក យក់ សុភារដ្ធ ប្រធានយុវជនទីក្រុងឡុងប៊ិច
៤៖ លោក ស៊ីន ថូនី ប្រធានអនុសាខាបក្សទីក្រុង los angeles
៥៖ លោក គីម ឆាហួត ប្រធានកិត្តិយសអនុសាខាបក្ស និងជាកុងស៊ុលកិត្តិយសប្រចាំទីក្រុង los angeles
៦៖ .លោក អ៊ុក ច័ន្ទរិទ្ធ ប្រធានយុវជនប្រចាំតំបន់ los angeles
៧៖ លោក ហោ ចាន់សារី ប្រធានកិត្តិយសយុវជនទីក្រុង los Angeles
៨៖ លោក ហ៊ីង ដែនម៉ាក្លីន ប្រធានអនុសាខាបក្ស ទីក្រុង orange county
៩៖ លោក លឹម តូនីហុយ ទីក្រុងorange county
១០៖ លោកស្រី.ឡេង អមរា ពិធីការគណកម្មាធិការ ។
១១៖ ឯកឧត្តម យស បូវណ្ណៈ ប្រធានអនុសាខាបក្សគណបក្សប្រជាជនកម្ពុជាទីក្រុង signal hill
១២៖ លោកជំទាវ លី ស៊ីថារី ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាទីក្រុងsignal hill
១៣៖ លោក ចក់ យូរិទ្ធ ប្រធានអនុសាខាបក្សទីក្រុង riverside
១៤៖ លោក មិន មានវុធ អនុប្រធានយុវជនទីក្រុង riverside
១៥៖ លោកស្រី ប៉ាង វណ្ណនេសា ប្រធានយុវជនទីក្រុង riverside
១៦៖ លោក ម៉ៅ មនោរ៉ា ប្រធានអនុសាខាបក្សទីក្រុង San Bernardino
១៧៖ លោក ខេននិត ស៊ីយ៉ាង ប្រធានអនុសាខាបក្សទីក្រុង Covina
១៨៖ លោកស្រី អឹម អេលីសា ប្រធានទីក្រុង Lakewood
១៩៖ លោក អេង សំបូរ ប្រធានយុវជនទីក្រុង rosemead
២០៖ លោក យ៉ាង ស៊ីនណារ៉ា ប្រធានយុវជនទីក្រុង Temecula
២១៖ លោក តាំង សម្បត្តិ ប្រធានយុវជនទីក្រុង paramount
២២៖ លោកស្រី ម៉ៅ ស្រីលីន ប្រធានយុវជនទីក្រុង lamesa
២៣៖ លោក ឈរ ស៉ីនហៃប្រធានយុវជនទីក្រុង Costa mesa
២៤៖ លោកស្រី រិទ្ធីស័ក្ត សមិត្តា អនុប្រធានយុវជនទីក្រុង Costa mesa
២៥៖ លោក ព្រហ្ម អៀង ប្រធានយុវជនទីក្រុង San Diego។

សូមជំរាបថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញប្រារព្ធពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលមានអ្នកចូលរួមប្រមាណជាង២ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មីឱ្យជនរួមជាតិទាំងអស់ ថែរក្សាការពារនូវសុខសន្តិភាពរបស់ប្រទេសកម្ពុជា ដែលមានសព្វថ្ងៃនេះ ហើយទប់ស្កាត់ និងកម្ចាត់នយោបាយជ្រុលនិយម ដែលចង់បំផ្លាញដល់សុខសន្តិភាពរបស់ប្រទេសជាតិ។

សម្តេចបានលើកឡើងថា ៤៤ឆ្នាំកន្លងទៅនេះ គឺជា ៤៤ឆ្នាំ នៃសាមគ្គីភាព ជា៤៤ឆ្នាំនៃការតស៊ូអនុវត្តគ្រប់កិច្ចការប្រកបដោយ វីរភាព និងជា៤៤ឆ្នាំនៃជ័យជម្នះរបស់ប្រជាជនកម្ពុជា។ ការតស៊ូពុះពាររបស់យើង បានកែប្រែមាតុភូមិពី ទឹកដីមរណៈ មកជាទឹកដីលូតលាស់ដ៏ស្រស់បំព្រងប្រកបដោយមោទនភាពបំផុត ដែលបានបង្កើនជំនឿ និង ពង្រឹងការតាំងចិត្តរបស់យើង ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗទៀតក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងអនាគតដ៏រុងរឿងសម្រាប់កូនចៅយើងគ្រប់ជំនាន់តទៅមុខទៀត ដោយគ្មានការកើតមានជាថ្មីនូវសង្គ្រាមការបែកបាក់ជាតិ និងអំពើប្រល័យពូជសាសន៍ដូចពីអតីតកាល។

សម្តេចបានបន្តថា ពិតណាស់ថាផ្លូវទៅមុខនៅតែមានឧបសគ្គ និងការលំបាកធំៗយ៉ាងច្រើនបន្តទៀត ប៉ុន្តែគ្មានអ្វីអាចមករារាំងយើងបានឡើយ ឲ្យតែយើងមានការរូបម សាមគ្គីគ្នាជាធ្លុងមួយ បន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងទៅលើមាគ៌ាដ៏ត្រឹមត្រូវ ដូចដែលយើងធ្លាប់បានឆ្លងកាត់រួចមកហើយ។ យើងគប្បីចងចាំថា កត្តាផ្ទៃក្នុងរបស់ជាតិយើង ជាកត្តាកំណត់ន ជ័យជម្នះ រីឯកត្តាខាងក្រៅគ្រាន់តែជះឥទ្ធិពលប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ជ័យជម្នះ៧មករា បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកឡើងវិញនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដោយបានសង្គ្រោះអាយុជីវិតប្រជាជនរាប់លាននាក់ពីគ្រោះមរណៈ បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុលពត ជាពិសេស សិទ្ធិនៃការរស់រានមានជីវិត បានធ្វើឲ្យរាល់តម្លៃខាងស្មារតី និងសម្ភាររបស់ប្រជាជាតិខ្មែរ ត្រូវបានកសាងពូនជ្រុំ នៅក្នុងប្រវត្តិសាស្ដ្ររាប់ពានឆ្នាំមកហើយ របស់ខ្លួននោះបានរស់ឡើងវិញ។

សម្ដេចតេជោ ហ៊ុន សែន បន្ដទៀតថា ជ័យជម្នះ៧មករា បានផ្ដល់កំណើតទីពីរដល់ប្រជាជនកម្ពុជា បើគ្មានជ័យជម្នះ៧មករា គឺគ្មានកម្ពុជានៅថ្ងៃនេះទេ។ នេះជាសច្ចធម៌ប្រវត្តិសាស្ដ្រ ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ និងបំផ្លាញបានឡើយ គឺមានតែអ្នកស្រលាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ៧មករា។

ផ្ដើមពីជ័យជម្នះ៧មករា ប្រទេសកម្ពុជាបាននិងកំពុងឈានទៅមុខឥតឈប់ឈរ តាមទិសដៅដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នា ដ៏ពិសិដ្ឋរបស់ប្រជាជន។ កម្ពុជាបានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍, ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ, ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដីមួយដែលខឿនសេដ្ឋកិច្ចជាតិត្រូវបានបំផ្លាញខ្ទេចខ្ទី ទៅជាទឹកដីដែលមានសន្ដិភាព សាមគ្គីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យធ្វើឲ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ភាពពិតជាក់ស្ដែងទាំងនេះ បានបញ្ជាក់ច្បាស់អំពីការផ្លាស់ប្ដូរដ៏ធំធេងជាប្រវត្តិសាស្ដ្ររបស់ម្ពុជា ដែលកើតពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ចេញពីគណបក្សប្រជាជនកម្ពុជា, ពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាក់ថ្នាក់, ពីការចូលរួមរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយលើកទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅ, ពីការចូលរួមនៃវិស័យឯកជន និងសង្គមស៉ីវិល ព្រមទាំងការគាំទ្រ និងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្ដាប្រទេសជាតិមិត្តជិតឆ្ងាយ និងសហគមន៍អន្ដរជាតិ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ស្មារតី ៧មករា ស្ថិតស្ថេរជាអមតៈក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់តទៅមុខទៀត យើងទាំងអស់គ្នាប្ដេជ្ញាថែរក្សាពួនព្រុំស្មារតី ៧មករា ឲ្យកាន់តែរឹងមាំ និងភ្លឺចែងចាំងជានិច្ច។ ៤៤ឆ្នាំកន្លងទៅនេះ គឺជា៤៤ឆ្នាំ នៃសាមគ្គីភាព ជា៤៤ឆ្នាំ នៃការតស៊ូអនុវត្តគ្រប់កិច្ចការប្រកបដោយវីរភាព និងជា៤៤ឆ្នាំ នៃជ័យជម្នះរបស់ប្រជាជនកម្ពុជា»