(កំពង់ស្ពឺ)៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយលោក ចាយ បូរិន និងលោក កែវ ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធាន អនុប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី សួរសុខទុក្ខ លោក លី សុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដល់គេហដ្ឋាន នៅឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។

លោក ចាយ បូរិន បានផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេចចក្រី ប្រធានកិត្តិយសគណបក្ស សម្តេច លោកស្រី អនុប្រធានគណបក្ស លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះ លោក លី សុន និងក្រុមគ្រួសារ។

លោក លី សុន មានក្តីរំភើបសប្បាយរីករាយយ៉ាងខ្លាំងឥតឧបមា និងអរគុណជាអនេកព្រមទាំងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សម្តេច លោកជំទាវ លោកដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់លោក ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខ លោកនិងក្រុមគ្រួសារដល់លំនៅដ្ឋាន។

លោក លី សុន បានរៀបរាប់ពីប្រវត្តិការងារថា លោកបានចូលទៅប្រទេសវៀតណាម នៅឆ្នាំ១៩៧៧ ជាយុទ្ធជននៅកងពលធំទី៥ប្រចាំស៊ីសុផុន ខេត្តបាត់ដំបង ជាប្រធាននាយកដ្ឋានកម្មាភិបាល នៃគណៈចាត់តាំងមជ្ឈិមបក្ស ជាអនុលេខាប្រចាំការ នៃគណៈកម្មាធិការបក្សស្ថាប័ន ក្រសួងមន្ទីរជុំវិញមជ្ឈិម ជាលេខាគណៈកម្មាធិការ គណបក្សខេត្តមណ្ឌលគីរី ជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ស្ពឺ ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ៣អាណត្តិ និងចូលរួមសកម្មភាពគណបក្សនៅមូលដ្ឋានខេត្តកំពង់ស្ពឺ។

លោកបានលើកឡើងថា សមិទ្ធផលនៃសន្តិភាព និងការអភិវឌ្ឍរយៈពេល៤៤ឆ្នាំកន្លងមកនេះ គឺបានជំរុញទឹកចិត្តប្រជាជនកម្ពុជា កាន់តែមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយលោកក៏បានផ្តល់អនុសាសន៍ដល់យុវជនដែលជាកម្លាំងស្នូល និងជាកម្លាំងបន្តវេនរបស់គណបក្សថា គ្រប់គ្នាត្រូវប្រកាន់ខ្ជាប់នូវចំណុចសំខាន់ៗដូចខាងក្រោម៖

១-ត្រូវមានគុណធម៌ ព្រហ្មវិហារធម៌ គឺមានអត្តចរិកល្អប្រពៃ
២-ត្រូវថែទាំសុខភាពឱ្យបានល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត បង្កើនចំណេះជំនាញបទពិសោធន៍សមត្ថភាពទូលំទូលាយ ស្របតាមយុគសម័យឌីជីថល និងបច្ចេកវិទ្យាឧស្សាហកម្ម ៤.០
៣-ត្រូវមានមនសិការជាតិ សាមគ្គីឯកភាពជាតិ ពង្រឹងឆន្ទៈសេ្នហាជាតិ ។

លោក លី សុន បានសម្ដែងពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពសួរសុខទុក្ខរបស់យុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងស្នើសុំឱ្យមានកម្មវិធីសួរសុខបែបនេះនៅគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់គណបក្ស និងស្របនឹងធម៌ព្រះពុទ្ធអំពីសង្គហវត្ថុ ៤យ៉ាង គឺការឱ្យទាន វាចាពិរោះ ធ្វើខ្លួនឱ្យជាបុគ្គលមានអត្តចរិកល្អ មានសីលធម៌ គុណធម៌ និងការគោរពស្រឡាញ់ស្មោះស្មើ មិនប្រកាន់ខ្លួន។

លោកក៏បានគាំទ្របេក្ខភាពសម្ដេចតេជោជានាយករដ្ឋមន្រ្តី នៅអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជានិច្ចនិរន្តរ។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ លោក ចាយ បូរិន, លោក កែវ ពិសិដ្ឋ និងលោក ទួន យ៉ាត ព្រមទាំងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោក លី សុន និងជូនពរដល់លោកមានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕