(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ជាអ្នកស្តារឡើងវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប តាមរយៈថ្ងៃជ័យជម្នះ៧មករា។

ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា នាទីក្រុងអាឌដឺឡែត នៃប្រទេសអូស្ត្រាលី នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ រួមជាមួយលោក អ៉ិន មាត្រា ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់៦ ទីក្រុងអាដឺឡែត ព្រមទាំងជនរួមជាតិខ្មែររស់នៅប្រទេសអូស្ត្រាលី។

លោក គឹម សន្តិភាព បានកោតសរសើរដ៏ស្មោះអស់ពីដួងចំពោះលោកពូ អ្នកមីង បងប្អូន ជាជនរួមជាតិទាំងអស់ ដែលរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលឆន្ទៈ មនសិការ ស្នេហាជាតិមាតុភូមិពេញបរិបូរ ដែលកន្លងមក រហូតមកដល់បច្ចុប្បន្ន បងប្អូនបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងទ្រព្យធនផ្សេងៗ ដើម្បីចូលរួមគ្រប់សកម្មភាពជួយគាំពារជាតិជាមួយក្រុមការងាររបស់យើងខ្ញុំ។

លោកបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា ជាទេវតាសង្គ្រោះ ដែលបានរំដោះអាយុជីវិតប្រជាជនខ្មែររាប់លាននាក់ ដែលកំពុងរងទុក្ខវេទនាក្នុងនរកអវីចី នៃរបបប្រល័យពូជសាសន៍ ដោយសារការកាប់សម្លាប់ឥតត្រាប្រណី ការធ្វើទារុណកម្មដ៏សាហាវយង់ឃ្នង ការបង្អត់អាហារ ការជិះជាន់កេងប្រវ័ញ្ចធ្វើបាបគ្រប់រូបភាព និងការបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ មិនតែប៉ុណ្ណោះ ក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ទេវតាសង្គ្រោះ ដែលសព្វថ្ងៃ យើងហៅថា គណបក្សប្រជាជនកម្ពុជា បាននៅបន្តថែរក្សា ការពារ និងអភិវឌ្ឍជាតិមាតុភូមិ ប្រកបដោយសុខសន្តិភាព សេរីភាព ស្ថិរភាព បូរណភាពទឹកដី លទ្ធិប្រជាធិបតេយ្យ និងការីចម្រើនជឿនលឿន រហូតមកដល់សព្វថ្ងៃនេះ៕