(ភ្នំពេញ)៖ ប្រតិភូគណៈកម្មាធិការទី៧ និងគណៈប្រតិភូសង្ឈ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ចុះសួរសុខទុក្ខជនរងគ្រោះដោយការប្រើប្រាស់គ្រឿងញៀនក្នុងមណ្ឌលអាកាសខ្ញុំ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជាតិជ័យជម្នះ៧មករា។

ក្នុងឱកាសនោះមានការចូលរួមពីព្រះសិរីកោសល សុំ សុខា ព្រះរាជាគណៈកិត្តិយស សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយកនៃកម្ពុជា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល និងជាព្រះចៅអធិការ វត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ និងវត្តមានលោក ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោកស្រី មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា, លោកស្រី អាន ផល្លា សមាជិការសមាគមន៍នារី អមព្រះដំណើរឫដំណើរដោយព្រះមន្ត្រីសង្ឃ ព្រះរាជាគណ: ព្រះចៅអធិការគ្រប់បណ្តាវត្ត ក្នុងខណ្ឌ អស់លោក-លោកស្រី តំណាងមន្ទីរធម្មការ និងសាសនា។

ព្រះសិរីកោសល សុំ សុខា បានផ្តល់ឱវាទអប់រំ ចរិយាធម៌ដល់ជនរងគ្រោះដោយសារគ្រឿងញៀនកំពុងស្នាក់នៅទទួលសេវាព្យាបាល ស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីឱ្យពួកគេទទួលបាននូវការអប់រំខាងផ្លូវចិត្ត និងស្មារតី ជួយឱ្យពួកគេ លែងវិលវល់ជាមួយគ្រឿងញៀន ភ្ញាក់រលឹកដើរទៅរកផ្លូវល្អ លុះដោយដំបូន្មានឪពុកម្តាយ និងសង្គមជាតិ។

លោក ម៉ាន់ ឈឿន ក៏បានណែនាំឱ្យជនរងគ្រោះដោយសារគ្រឿងញៀនទាំងនោះត្រូវជួយខ្លួនឯងនោះ។ ដូច្នេះប្តេជ្ញាចិត្តកសាងខ្លួន អំពើល្អ ព្រះសម្មាសម្ពុទ្ធ មានពុទ្ធដីកាថា «គ្មានអ្នកជួយខ្លួនឯង ជាងខ្លួនឯងនោះទេ»។

លោកប្រធានគណៈប្រតិភូបន្តថា «រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនចង់យកប្អូនៗមកកន្លែងហ្នឹងទេ ក្នុងករណីប្អូនមិនពាក់ព័ន្ឋគ្រឿងញៀន តើយកប្អូនៗមកធ្វើអី ! តែប្អូនមានញៀននៅក្នុងខ្លួន ត្រូវតែយកប្អូនមកបន្សាប ព្រោះប្អូនជាយុវជន ជាទំពាំងស្នងប្ញស្សី ជាអនាគតសសរទ្រូងរបស់ប្រទេសជាតិ អីចឹងត្រូវតែធ្វើយ៉ាងណាក្មួយៗមានយុវនិតិសម្បទាពេញលេញ ដើម្បីកសាងប្រទេសជាតិទៅថ្ងៃអនាគត»។

ជាមួយគ្នានោះ គណៈប្រតិភូក៏បាននាំនូវទេយ្យទានជាច្រើន រួមមាន អង្ករសរុបចំនួន៨០០គីឡូក្រាម ភេសជ្ជៈចំនួន៤០កេស មីចំនួន៣០កេស ត្រីខចំនួន២យួរ ទឹកបរិសុទ្ធចំនួន២៥កេស ទឹកត្រីចំនួន២៣យួរ ទឹកស៉ីអ៉ីវចំនួន២៧យួរ ទឹកដោះគោចំនួន៣៧កំប៉ុង ស្ករសចំនួន២០គីឡូក្រាម បាឡុងចំនួន៦ឈុត តែចំនួន១ថង់ បច្ច័យចំនួន៤,០០០,០០០រៀល៕