(ព្រះវិហារ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលប្រឡងជាប់និទ្ទេស A ចំនួន៤នាក់ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

ក្នុងនាមក្រុមការងារចុះមូលដ្ឋានខេត្តព្រះវិហារ ក៏ដូចជាថ្នាក់ដឹកនាំខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រីបានថ្លែងនូវការចូលរួមអបអរសាទរជាមួយក្រុមគ្រួសារ ជាមួយក្មួយៗសិស្សានុសិស្សទាំង៤រូប ដែលបានប្រឡងជាប់និទ្ទេស A។ នេះបានបង្ហាញឱ្យឃើញពីការខិតខំយកចិត្តទុកដាក់រៀនសូត្ររបស់ក្មួយៗ ក៏ដូចជាការលះបង់របស់ឪពុក ម្តាយ លោកគ្រូ អ្នកគ្រូ ក្នុងការបណ្តុះបណ្តាលបង្ហាត់បង្រៀនរហូតទទួលបាននូវលទ្ធផលល្អប្រសើរបែបនេះ។

លោកទេសរដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានជ្រើសរើសយកវិស័យអប់រំជាវិស័យអាទិភាពក្នុងការកសាងប្រទេសជាតិ។ ដោយក្នុងនោះសម្តេចបានកសាងសាលារៀន ដោយធ្វើការពង្រីកចាប់ពីទីក្រុង ទីប្រជុំជន រហូតដល់ជនបទដាច់ស្រយ៉ាល ដើម្បីឱ្យកូនចៅប្រជាពលរដ្ឋយើងមានឱកាសបានចូលរៀនសូត្រ។

ជាមួយនឹងការចូលរួមអបអរសាទរ ចំពោះសិស្សដែលប្រឡងជាប់និទ្តេស A ចំនួន៤នាក់នៅខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ម្នាក់ទទួលបានកំព្យូទ័រយួរដៃ១គ្រឿង និងថវិកាចំនួន៥លានរៀល ដោយឡែកលោកគ្រូ អ្នកគ្រូចំនួន១៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០,០០០០រៀល នឹងបានណែនាំដល់ក្មួយៗត្រូវបន្តខិតខំរៀនសូត្រថែមទៀត ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕