(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៅព្រឹកអាទិត្យ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ បានធ្វើដំណើរដោយជិះកង់ រួមជាមួយមន្ត្រីសាលាខណ្ឌ បានចុះពិនិត្យស្ថានភាពភូមិសាស្ត្រ និងសួរសុខទុក្ខប្រជាពលរដ្ឋក្នុងភូមិ ដែលលក់ដូរនំចំណី នៅតាមផ្ទះ ដោយទទួលទាននំចំណីជាមួយប្រជាពលរដ្ឋក្តីសប្បាយរីករាយ នៃសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នាឱកាសនេះដែរ លោក ធឹម សំអាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដោយក្តីនឹករលឹកផងដែរ។

ការចុះដល់ខ្នងផ្ទះនេះ គឺដើម្បីឃើញស្ថានភាពផ្ទាល់ នៃជីវភាពពលរដ្ឋក្នុងមូលដ្ឋាន និងបានរំលឹកទៅដល់ប្រជាជនទាំងអស់ នៅមូលដ្ឋានខណ្ឌព្រែកព្នៅ ពិសេសប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ជនពិការភាព សូមឱ្យបន្តថែទាំសុខភាពជាប្រចាំ ព្រោះនៅពេលខាងមុខនេះ អាកាសធាតុផ្លាស់ប្តូរ ធ្លាក់ខ្យល់ត្រជាក់ វាងាយនឹងរងជំងឺផ្តាសាយ និងចូលរួមអនុវត្តន៍នូវវិធានការ ដោយបង្ការទប់ស្កាត់នៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺយើងរួមដៃគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ជាប្រចាំ។ ពិសេសនៅរដូវខ្យល់ត្រជាក់នេះ ចូរអំ ពូ មីង ថែរក្សាសុខភាព សូមបន្ដចូលរួមអនុវត្ដនូវវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរព តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា«៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ ។

ខណៈសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក ធឹម សំអាន បានលើកឡើងពីគុណបំណាច់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ការសម្លាប់ប្រជាជនយ៉ាងរង្គាល រហូតដល់មានថ្ងៃរំដោះ ៧ មករា ១៩៧៩ ព្រមទាំងបន្តមកព្រឹត្តិការណ៍ស្វែងរកសន្តិភាព តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ការកសាងប្រទេសជាតិ ចាប់ពីបាតដៃទទេ នាំមកនូវការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ វាមិនមែនជាការបំភ្លៃប្រវត្តិសាស្ត្រនោះឡើយ តែជាសច្ចធម៌ប្រវត្តិសាស្ត្រយ៉ាងពិតប្រាកដ។

លោកអភិបាលខណ្ឌ បានបន្តថា ក្រោយថ្ងៃរំដោះ ៧មករា ប្រសិនបើគ្មានការដាក់ចេញនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នោះទេ កម្ពុជាក៏គ្មានសន្តិភាពដូចពេលបច្ចុប្បន្នដែរ។ មកដល់ឆ្នាំ១៩៩៨ ទើបខ្មែរទាំងអស់ឈ្នះ ហើយរួមរស់នៅសុខសាន្តជាមួយគ្នា ដូចសព្វថ្ងៃ។

លោក ធឹម សំអាន បានគូសបញ្ជាក់ថា ជានិច្ចកាលលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ច ទៅដល់ប្រជាជន ទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅ ដល់បងប្អូនជានិច្ច ក្នុងគ្រាដែលពុក ម៉ែ ប្រជាជន ជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមាន លោក ឃួង ស្រេង និងបានចាត់រូបលោកជាតំណាង ចុះជួបដើម្បីដឹងសុខទុក្ខប្រជាពលរដ្ឋ គឺលោកមិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បងប្អូនណាម្នាក់គាត់ ស្លាប់បាត់បង់ជីវិត ដោយដាច់ស្បៀង ឬអត់អាហារនោះទេ ហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយ មិនប្រកាន់បក្ខពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ៕