(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌទួលគោក ក្រោមការបញ្ជាពីលោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌ បានបង្ក្រាបជនសង្ស័យចំនួន៤នាក់ ដែលជាមុខសញ្ញាពាក់ព័ន្ធបទល្មើសលួច និងឆក់។

របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា៖

* ករណីទី១៖ មុខសញ្ញាជិះកង់លួចកាបូបម្នាក់ ត្រូវឃាត់ខ្លួនបាននៅចំណុចប្លុកច្រកធ្យូង ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ជនសង្ស័យឈ្មោះ ប៉ូ សីហា ហៅអាកាប់ពីតែន អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ប្លុកច្រកធ្យូង ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

វត្ថុតាងចាប់យកកង់តួស្រី១គ្រឿង មានពណ៌ស (ជាកង់របស់ជនសង្ស័យ បានជិះធ្វើសកម្មភាពលួចនៅថ្ងៃកើតហេតុ)។ ជនរងគ្រោះឈ្មោះ មឿត ម៉ៃ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ ម៉ៅការសំណង់។ សម្ភារបាត់បង់ កាបូបលុយ មានលុយចំនួន១០០ដុល្លារ និងលុយខ្មែរចំនួន៧០,០០០រៀល និងឡាស៊្សែសម្រាប់ថ្លឹងទឹកធ្វើសំណង់ចំនួន០១។

* ករណីទី២៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០១៖៣០នាទីរំលងអាធ្រាត្រ កម្លាំងផ្នែកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ជាក់ស្តែង ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃជនបរទេស១គ្រឿង ម៉ាក iPhone 13) នៅចំណុចលើផ្លូវរថភ្លើង ក្រុមទី៥៥ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដែលប្រព្រឹត្តបទល្មើសឆក់នៅចំណុចមុខស្ថានទីបូមទឹកស្អុយ ផ្លូវលេខ៥៩៨ ម្តុំត្រឡោកបែក សង្កាត់បឹងកក់ទី២។

ជនសង្ស័យទី១៖ ឈ្មោះ ឡេង គ្រឿន ហៅ អាគ្រឿន អាយុ២៦ឆ្នាំ, ទី២៖ ឈ្មោះ សំ គឹមតុង ហៅអាតុង អាយុ១៨ឆ្នាំ, ទី៣៖ ឈ្មោះ ស៊ុយ ម៉េងសាំង ហៅអាសាំង អាយុ១៨ឆ្នាំ។ វត្ថុតាងចាប់យកមានទូរស័ព្ទដៃ១គ្រឿង ម៉ាក iPhone13 ពណ៌ខៀវគ្មានស៊ីម (ជារបស់ជនរងគ្រោះជាជនជាតិចិន ដែលក្រុមជនសង្ស័យខាងលើឆក់យក) និងម៉ូតូ០១គ្រឿង ម៉ាកDream C125 មានពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ និងម៉ាក Suzuki nex ពណ៌ស-ខៀវ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1IV-5936។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕