(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ដ្រីអប់រំ និងមន្ដ្រីសុខាភិបាល ក្រុងច្បារមន នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣នេះ បានលើកឡើងថា «ទឹកចិត្ត និងការលៈបង់របស់លោកគ្រូ អ្នកគ្រូ ខេត្តកំពង់ស្ពឺ បានចូលរួមចំណែកធ្វើឲ្យអត្រាសិស្សានុសិស្សប្រលងជាប់បាក់ឌុបនៅខេត្តកំពង់ស្ពឺកើនឡើង»។

ក្រោមបរិយាកាសដ៏សប្បាយរីករាយនេះ លោក ហ៊ុន ម៉ានី បានកោតសរសើរ ចំពោះលោកគ្រូ អ្នកគ្រូ ដែលជាក់ស្តែងក្នុងអំឡុងពេលកូវីដ១៩ លោកគ្រូ អ្នកគ្រូ ដែលបានព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយ បត់បែន ផ្លាស់ប្តូរទម្លាប់ ដើម្បីធានាប្រសិទ្ធភាពនៃការបង្រៀនរបស់សិស្ស ជាពិសេសបានចូលរួមបង្ហាត់បង្រៀនវគ្គបំប៉ងដល់សិស្សថ្នាក់ទី១២ ដែលត្រៀមខ្លួនប្រលងមធ្យមសិក្សាទុតិយភូមិ។

នាឱកាសនេះ លោកបានថ្លែងអំណរគុណ និងកោតសរសើរលោកគ្រូ អ្នកគ្រូ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច និងបំពេញបេសកកម្មបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេស អំឡុងពេលសម័យប្រឡងទុតិយភូមិ ដែលទើបកន្លងផុសថ្មីៗនេះ ក្នុងការខិតខំបង្ហាត់បង្រៀនសិស្សានុសិស្សឲ្យទទួលបានលទ្ធផលល្អ ដោយបានចូលរួមសម្របសម្រួលគ្រប់ស្ថានភាព និងផ្តល់ភាពកក់ក្តៅដល់សិស្សផងដែរ។

សូមជម្រាបជូនថា លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ព្រមទាំងសមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានបន្តជួបសំណេះសំណាលជាមួយមន្ត្រីអប់រំ និងមន្រ្តីសុខាភិបាល នៃក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ។

អមដំណើរគណៈអធិបតីនាឱកាសនោះរួមមាន លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាភិបាល, លោក វ៉ី សំណាង អភិបាលខេត្ត លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលខេត្ត ស្រុក លោកគ្រូ អ្នកគ្រូ លោក លោកស្រីវេជ្ជបណ្ឌិត មន្រ្តី បុគ្គលិកអប់រំ និងសុខាភិបាល នៃក្រុងច្បារមនប្រមាណ១,០៦០នាក់៕