(កណ្តាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល បានលើកឡើងថា សូមចង់ចាំជានិច្ច និងសូមគោរពដឹងគុណចំពោះមហាគុណបំណាច់ និងតួនាទីជាប្រវត្តិសាស្រ្តរបស់សម្តេចតេជោ ហ៊ុន សែន ដែលហ៊ានលះបង់សព្វបែបយ៉ាង ដើម្បីរំដោះអាយុជីវិតប្រជាជន និងប្រទេសជាតិឱ្យរួចផុតពីគ្រោះមរណៈ និងបាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដែលត្រូវបាត់បង់ទាំងស្រុង ក្នុងរបបប៉ុល ពត។ ដូចនេះ បើគ្មានជ័យជម្នះ ៧មករា គឺគ្មានកម្ពុជានៅថ្ងៃនេះទេ ដែលនេះជាសច្ចធម៌ប្រវត្តិសាស្ត្រ។

ការលើកឡើងបែបនេះ របស់លោក វង្សី វិស្សុត បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតីក្នុងពិធីមិទ្ធីងរំលឹកខួបអនុស្សាវរីយ៏លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា (៧.១.១៩៧៩ -៧.១.២០២៣) នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល ខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ព្រះសង្ឃ, មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់, យុវជន, សកម្មជន និងសមាជិកសមាជិកាគណបក្ស នៅក្នុងមូលដ្ឋានស្រុកមុខកំពូល ខេត្តកណ្តាល ប្រមាណជិត ១,០០០នាក់ ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣នេះ។

លោក វង្សី វិស្សុត បានអាននូវសុន្ទរកថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីមិទ្ទីងរំលឹកខួប៤៤ នៃទិវាជ័យជម្នះ ៧មករា ជូនសមាជិកសមាជិក យុវជន និងសកម្មជនបក្ស ដែលបានចួលរួមក្នុងអង្គពិធីមិទ្ទីង។ អង្គមីទ្ទីងទាំងមូល សូមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍នយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានវាយតម្លៃគ្រប់ជ្រុងជ្រោយ អំពីអត្ថន័យជាប្រវត្តិសាស្ត្រនៃមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ និងបណ្តាសមិទ្ធផលនានា ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា រហូតដល់បច្ចុប្បន្ន ដែលបានការអញ្ជើញផ្តល់កិត្តិយសអានដោយលោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល។

ជាមួយគ្នានេះដែរ លោក វង្សី វិស្សុត បានថ្លែងថា អង្គពិធីមិទ្ទីងទាំងមូលសូមចង់ចាំមិនភ្លេចនូវទិវាជ័យជម្នះ ៧ មករា ជាអមតៈ ហើយស្មារតីនៃជ័យជម្នះ ៧មករា ដែលជាថ្ងៃកំណើតទី២ និងជារបស់ប្រជាជនកម្ពុជាគ្រប់រូប នឹងបន្តស្ថិតស្ថេរ និងរស់រវើកជានិច្ចនៅក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់តទៅមុខទៀត។

លោក វង្សី វិស្សុត បានលើកឡើងយ៉ាងដូច្នេះថា៖ «អង្គពិធីទាំងមូលក៏សូមចង់ចាំជានិច្ច និងសូមគោរពដឹងគុណចំពោះមហាគុណបំណាច់ និងតួនាទីជាប្រវត្តិសាស្រ្តរបស់សម្តេចតេជោ ហ៊ុន សែន ដែលហ៊ានលះបង់សព្វបែបយ៉ាង ដើម្បីរំដោះអាយុជីវិតប្រជាជន និងប្រទេសជាតិឱ្យរួចផុតពីគ្រោះមរណៈ និងបាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដែលត្រូវបាត់បង់ទាំងស្រុង ក្នុងរបបប៉ុល ពត។ ដូចនេះ បើគ្មានជ័យជម្នះ ៧មករា គឺគ្មានកម្ពុជានៅថ្ងៃនេះទេ ដែលនេះជាសច្ចធម៌ប្រវត្តិសាស្រ្ត»។

លោក បានបញ្ជាក់ថា ប្រជាពលរដ្ឋទូទាំងប្រទេស មិនអាចអត់ឱនឱ្យបានឡើយ ចំពោះជនអគតិទាំងឡាយដែលរមិលគុណ ចំពោះថ្ងៃជ័យជម្នះ៧មករា ហើយតែងតែបានបំភ្លៃបំផ្លើស និងបំផ្លាញនូវសច្ចធម៌នៃទិវាជ័យជម្នះ៧មករា។ ជាមួយគ្នានេះ អង្គមិទ្ទីញសូមគាំទ្រយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការកម្ចាត់នយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ និងបក្សពួក ដើម្បីការពារភាពសុខសាន្តរបស់ប្រជាជន ហើយមិនព្រមឱ្យស្នាមប្រវត្តិសាស្ត្រដ៏គ្រោះថ្នាក់របស់កម្ពុជាវិលមកជាន់ដានជាថ្មីម្ដងទៀតជាដាច់ខាត។

លោក វង្សី វិស្សុត សូមប្តេជ្ញាខិតខំការពារឱ្យបាននូវរាល់សមិទ្ធផលសង្គមជាតិ ដែលសម្រេចបានតាំងពីថ្ងៃជ័យជម្នះ ៧មករា។ អង្គពិធីទាំងមូល មានមោទនភាពយ៉ាងក្រៃលែង ចំពោះការសម្រេចបាននូវសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តជាច្រើននៅក្នុងរយៈពេល ៤៤ឆ្នាំ កន្លងមកនេះ ដែលបានធ្វើឱ្យទឹកដីកម្ពុជាមានការផ្លាស់ប្តូរទាំងស្រុង ដែលយើងមិនអាចស្មានដល់ ពិសេសជ័យជំនះដ៏ធំធេងក្នុងប្រយុទ្ធនឹងជំងឺកូវីដ១៩។ ទន្ទឹមនេះ កិត្យានុភាពកម្ពុជា ក៏កាន់ចេះតែឡើងខ្ពស់ត្រដែតលើឆាកអន្តរជាតិ។ ដូចនេះ អង្គពិធីទាំងមូល សូមអរគុណសន្តិភាព! និងសូមអរគុណនយោបាយឈ្នះ-ឈ្នះ!។ អង្គមិទ្ទីងទាំងមូល សូមប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹង សម្តេចតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ហើយប្តេជ្ញាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេសយូរអង្វែងតទៅ។

នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត ក៏បានណែនាំដល់មន្រ្តីគណបក្សមូលដ្ឋាន សូមយកបន្តយកចិត្តទុកដាក់ក្នុងការបម្រើប្រជាជន និងត្រូវបន្តកែលំអរនូវរាល់ចំណុចខ្វះខាតទាំងឡាយ និងភាពអសកម្មនានា ដោយមិនត្រូវបន្ធូរដៃ ឬប្រងើយកន្តើយឡើយ ពិសេសត្រូវបន្តជំរុញអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឱ្យដូចភ្លៀងរលឹម ដើម្បីសេចក្តីសុខរបស់ប្រជាជននៅមូលដ្ឋាន។

ជាមួយគ្នានេះ ក៏ត្រូវបន្តខិតខំផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ប្រកបដោយគុណភាពជូនប្រជាជនផងដែរ។ ឯកឧត្តមក៏បានផ្តល់ការណែនាំដល់ក្រុមការងារគណបក្សចុះមូលដ្ឋានតាមភូមិឃុំនីមួយៗ ឱ្យបន្តពិនិត្យតម្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ស្របតាមសំណូមពរ និងតម្រូវការរបស់ប្រជាជនជាក់ស្តែង ក្នុងមូលដ្ឋាននីមួយៗ ហើយមន្រ្តីគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវចលនាប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការចូលរួមថែទាំនូវសមិទ្ធផលនានា ដែលមានស្រាប់ ដូចជា ផ្លូវ ស្ពាន ទំនប់ទឹក និងប្រឡាយទឹកជាដើម ដើម្បីអាចប្រើប្រាស់បានយូរអង្វែង។

លោក វង្សី វិស្សុត បានណែនាំដល់មន្រ្តីបក្សមូលដ្ឋានស្រុក និងឃុំ ឱ្យរៀបចំបង្កើតក្រុមការងារប្រតិកម្មរហ័ស ដើម្បីចូលរួមជួយដោះស្រាយបញ្ហាការលំបាក ក្នុងការប្រកបមុខរបរអាជីវកម្ម ឬការរកស៊ីទទួលទានផ្សេងៗរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមជាក់ស្តែង។

ទន្ទឹមនេះ លោកក៏បានណែនាំដល់មន្រ្តីបក្សទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយនិងជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានការលំបាកផ្នែកជីវភាពខ្លាំង និងបងប្អូនដែលទទួលរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ព្រមទាំងជនចាស់ជរាគ្មានទីពឹងផងដែរ៕