(ព្រះវិហារ)៖ លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានផ្តួចផ្តើមរៀបចំពិធីពិសាអាហារសាមគ្គីមួយជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ ក្រុង ស្រុកនៅខេត្តព្រះវិហារ ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំសកល២០២៣ និងខួបអនុស្សាវរីយ៍លើកទី៤៤ទិវាជ័យជម្នះ៧មករា ដែលពិធីនេះបានរៀបចំឡើងនៅក្នុងបរិវេណមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ នារាត្រីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ លោកសម្ដែងនូវការសប្បាយរីករាយដែលបានចូលរួមក្នុងពិធីជប់លៀងពិសាអាហារសាមគ្គី ដែលរៀបចំឡើងដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ក្រោមគំនិតផ្តួចផ្តើមរបស់លោកផ្ទាល់ ក្នុងគោលបំណងអបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២៣ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ៧មករា។

លោកទេសរដ្ឋមន្ត្រីបានថ្លែងទៀតថា ឆ្នាំ២០២២ បានកន្លងផុតទៅ ឆ្នាំ២០២៣បានមកដល់ ហើយឆ្នាំ២០២២កន្លងមកនេះ រាជរដ្ឋាភិបាលបានជម្នះគ្រប់ឧបសគ្គ ប្រឆាំងនឹងជំងឺកូវីដ ជម្នះនឹងគ្រោះធម្មជាតិដោយទឹកជំនន់ ហើយជោគជ័យនៃការងារការទូតនៃកិច្ចប្រជុំកំពូលអាស៊ាន ជាមួយនឹងបណ្តាលប្រទេស និងជោគជ័យមួយចំនួនទៀតនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ដោយឡែក នៅខេត្តព្រះវិហារដែលជារដ្ឋបាលថ្នាក់ក្រោមជាតិ គឺទទួលបាននូវជោគជ័យជាច្រើនផងដែរ ដូចជាចូលរួមប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ការជួយប្រជាពលរដ្ឋក្នុងគ្រោះមហន្តរាយ និងរាល់កិច្ចការដទៃទៀតដែលជាទុក្ខកង្វល់ចេញពីការលំបាករបស់ប្រជាពលរដ្ឋ។ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការទាំងអស់នៅខេត្តព្រះវិហារ ក្នុងឆ្នាំ២០២២កន្លងមកនេះបានខិតខំអស់ពីចិត្តដើម្បីបុព្វហេតុបម្រើប្រជាពលរដ្ឋនៅក្នុងខេត្ត។ ក្នុងនាមរាជរដ្ឋាភិបាល លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងកោតសរសើរ និងអបអរសាទរចំពោះស្នាដៃមន្ត្រីរាជការក្នុងខេត្ត ដែលសម្រេចបានក្នុងឆ្នាំ២០២២កន្លងមកនេះ នឹងសង្ឃឹមជឿជាក់ថាឆ្នាំ២០២៣នេះ មន្ត្រីរាជការនិងប្រជាពលរដ្ឋនឹងបន្តដណ្តើមបានជោគជ័យជាច្រើនទៀតសម្រាប់ខេត្តព្រះវិហារ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងទៀតថា មកដល់ថ្ងៃនេះទិវាជ័យជម្នះ៧មករា មានអាយុកាល៤៤ឆ្នាំហើយ ក្នុងនាមជាពលរដ្ឋដែលបានរស់រានមានជីវិតដោយសារថ្ងៃ៧មករា យើងដឹងគុណជានិច្ច ចងចាំជានិច្ចនូវគុណបំណាច់ គុណូបការៈនៃទិវាជ័យជម្នះនេះ ហើយនៅខេត្តព្រះវិហារនឹងរៀបចំពិធីដ៏ធំមួយនៅថ្ងៃស្អែកនេះ ដើម្បីអបអរសាទរខួបលើកទី៤៤ទិវាជ័យជម្នះ៧មករា។

នាឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានប្រគល់បណ្ណសរសើរដល់មន្ត្រីរាជការចំនួន៤រូប នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ដែលមានស្នាដៃល្អ ជាមួយនឹងថវិកាលើកទឹកចិត្តក្នុងម្នាក់១លានរៀល ព្រមទាំងមានកម្មវិធីចាប់ឆ្នោតផ្សងសំណាង និងរាំលេងកម្សាន្តដោយក្តីសប្បាយរីករាយផងដែរ៕