(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំមិទ្ទិញខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩-២០២៣ នៅបរិវេណវិមានឯករាជ្យខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងថ្នាក់ដឹកនាំថ្នាក់ជាតិ ព្រមទាំងព្រះសង្ឃ មន្ត្រីរាជការបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បន្ទាប់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន រួចមក លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ជាការពិត ការរំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជំម្នះ ៧ មករា គឺផ្សារភ្ជាប់គ្នានៃដំណើរប្រវត្តិសាស្ត្រ ២០ មិថុនា ១៩៧៧ នៅកោះថ្ម ជាថ្ងៃដែល សម្ដេចតេជោធ្វើដំណើរឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម ដើម្បីរៀបចំការតស៊ូផ្នែកយោធារំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍
ប៉ុល ពត។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា នេះជាប្រវត្តិសាស្ត្រដែលតភ្ជាប់គ្នា ជាមួយនឹងការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ គឺរចនាសម្ព័ន្ធអង្គការចាត់តាំងខាងយោធាកើតមុន និងអង្គការចាត់តាំងខាងនយោបាយកើតក្រោយ ។នេះក៏ជាការរំលឹកយើងទាំងអស់គ្នាឱ្យដឹងថា បើគ្មានថ្ងៃ ២០ មិថុនា ១៩៧៧ ក៏គ្មានថ្ងៃ ១២ ឧសភា ១៩៧៨ នៃការកកើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយបើគ្មានថ្ងៃ ១២ ឧសភា ១៩៧៨ ក៏គ្មានថ្ងៃ ២ ធ្នូ ១៩៧៨ នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយបើគ្មានថ្ងៃ ២ ធ្នូ ១៩៧៨ ក៏គ្មានថ្ងៃ ៧ មករា ១៩៧៩ ផងដែរ ។ នេះជារបត់នៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដើម្បីរំដោះប្រទេសជាតិ និងប្រជាជន ពីភាពអត់ឃ្លាន និងការកាប់សម្លាប់ប្រជាជនខ្លួនឯងរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ជំនួសមុខឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជាទាំងមូល បានថ្លែងអំណរគុណដ៍ស្មោះស្ម័គ្រ ចំពោះប្រជាជនទាំងអស់នៅក្នុងខេត្តកំពង់ចាម ដែលបានចូលរួមតាមគ្រប់មធ្យោបាយ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍ដ៍ឆ្នើមរបស់ជាតិ។

លោកឧបនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ នៅក្នុងខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចរាល់ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ក្នុងការបម្រើប្រជាជននៅក្នុងវិស័យនានានៃដែនសមត្ថកិច្ចរបស់ខ្លួន៕