(ត្បូងឃ្មុំ)៖ ក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះជួយឃុំក្រែក នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីបង្សុកូលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន ដែលត្រូវបានសម្លាប់ នៅក្នុងរបបខ្មែរក្រហមនៅក្នុងឃុំក្រែក ស្រុកពញា ក្រែកខេត្តត្បូងឃ្មុំ ក្នុងគោលបំណងរំលឹកព្រឹត្តិការណ៍សច្ច: ធម៌ប្រវត្តិសាស្រ្ត ដែលពុំអាចកាត់ថ្លៃបាន សម្រាប់ប្រជាជនខ្មែរគ្រប់សម័យកាល ដោយចាត់ទុកថា ជ័យជំនះ ៧មករា គឺ ជាថ្ងៃកំណើតទី២ សម្រាប់ជនរងគ្រោះជាច្រើនលាននាក់ផ្សេងទៀត ឲ្យរួចផុតជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរ ក្រហម។

ក្នុងពិធីបាត្រឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ ជនរងគ្រោះនៃរបបខ្មែរក្រហម ដែលបានស្លាប់បាត់បងជីវិត មានការនិមន្តព្រះសង្ឃចំនួន ៤៤អង្គ ដែលតំណាងឱ្យខួបលើកទី៤៤ឆ្នាំនៃ ថ្ងៃរំដោះ ៧ មករា ១៩៧៩។ ប្រជាជនក្នុងឃុំទាំងអស់ មានសេចក្តីសប្បាយរីករាយ និងបុណ្យកុសលនេះ។

ក្រុមការងារបានថ្លែងអំណរគុណចំពោះ ពលរដ្ឋក្នុងឃុំ ដែលរួចជីវិតពីរបបខ្មែរក្រហមទាំងអស់ ដែលបានអញ្ជើញចូលរួមពិធីបង្សុកូល និងរាប់បាត្រពេលនេះ ដែលជាឱកាសមួយដ៏សំខាន់ ក្នុងការធ្វើពិធីបុណ្យរួមគ្នាឧទ្ទិសកុសល ដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតរយ:ពេល ៤៤ឆ្នាំ កន្លងផុតទៅ ។

ទិវាជ័យជំនះ គឺជាសច្ចៈភាព ប្រវត្តិសាស្ត្រ ដែលបានកើតឡើង នៅប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ ប៉ុល ពត បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ឋ បំបាត់សាសនា វត្តអារ៉ាម កាប់សម្លាប់ប្រជាជាតិខ្លួនឯង យ៉ាងសហាវព្រៃផ្សៃអស់ជាង៣ លាននាក់ដូច្នេះ ជនទាំងឡាយណាដែលមិនទទួលស្គាល់ថ្ងៃ៧មករា គឺជាការប្រមាថដល់ ព្រលឹងប្រជាជនខ្មែរជាង៣ លាននាក់។

បើគ្មានថ្ងៃ៧ មករា គឺគ្មានអ្វីៗទាំងអស់ ហើយក៏គ្មានថ្ងៃនេះដែរ ហើយ អ្វីៗដែលមាន នៅថ្ងៃនេះគឺ ជាសមិទ្ធិផលដ៏ធំធេង ដែលកើតចេញពីស្មារតី​នៃជ័យជំនះ៧មករា។ គ្មានប្រជាពលរដ្ឋណាម្នាក់ ដែលមិនត្រូវបានបាត់បង់សាច់សារលោហិត ញាតិសណ្តាន ដោយសារការកាប់សម្លាប់នៅក្នុងរបបនេះទេ ។ ដូចនេះអ្នកដែលមិនទទួលស្គាល់ថ្ងៃជ័យជំនះ ៧ មករា គឺជាការប្រមាថដ៏ធ្ងន់ធ្ងរ ដល់ព្រលឹងប្រជាជនខ្មែរ ដែលបានស្លា ប់ជាង៣លាននាក់នៅក្នុងរបបវាលពិឃាដ ៣ឆ្នាំ ៨ខែ ២០ ថ្ងៃ៕