(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្ក្រាបជនជាតិចិនចំនួន ២នាក់ ក្រោយប្រើប្រាស់កាំភ្លើងខ្លី និងកាំបិតប្លន់ជនរងគ្រោះដែលជាជនជាតិចិន ដូចគ្នា។ នេះបើតាមលោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោក ប៊ុន សត្យា បានឱ្យដឹងថា នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៤ និង៣០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចមុខច្រកចូលបុរីចំការមន ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារកាប្រព្រឹត្តអំពើហិង្សា (ប្រើអាវុធខ្លីម៉ាក LOCK 19 ពណ៌ខ្មៅ លេខ២២០១៥៩៣ ពណ៌ខ្មៅ និងកូនកាំបិតបត់ម៉ាក Browning ដងឈើភ្ជង់ប្លន់យកប្រាក់ចំនួន ៧៣៩ដុល្លារ នៅចំណុចហាងហួយយ៉ូវ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង៣០នាទី។

លោក ប៊ុន សត្យា បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់រួមមាន៖

ទី១៖ ឈ្មោះ YAO YUHONG ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED ៩៣៧០១៣២ មុខរបរបុគ្គលិកបើកបររថយន្តនៅកាស៊ីណូជីងលី, ស្នាក់នៅអាផាតមិនបាលី១ បន្ទប់លេខ១២អា១ ផ្លូវចៃកា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

និងទី២៖ ឈ្មោះ WANG YANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG ២១៤៦៣៨៣ មុខរបរមិនពិតប្រាកដ ស្នាក់នៅអាផាតមិនបាលី១ បន្ទប់លេខ១២អា១ ផ្លូវចៃកា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ FANG FANG ភេទស្រី អាយុ៣៤ឆ្នាំ។

វត្ថុតាងចាប់យករួមមាន៖ អាវុធខ្លីម៉ាក LOCK 19 ពណ៌ខ្មៅ លេខ២២០១៥៩៣ ចំនួន ០១ដើម, បង់អាវុធខ្លីចំនួន០២, គ្រាប់អាវុធខ្លីចំនួន១៧គ្រាប់។

បច្ចុប្បន្នសង្ស័យ និងវត្ថុតាងខាងលើកំពុងឃាត់ខ្លួនដើម្បីធ្វើការសាកសួរចាត់ការមាននីតិវិធីច្បាប់៕