(ភ្នំពេញ)៖ ស្ថាបត្យករកូនខ្មែរ លោក អ៊ុន ចាន់ណារើនបានថ្លែងប្រាប់បណ្តាញសារព័ត៍មាន Fresh News នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ឲ្យដឹងថា៖ទស្សនាទានព្រះពុទ្ធសាសនានៃទម្រង់ធរណីមាត្រ គឺចតុកោណការេតំណាងឲ្យធាតុទាំងបួននៃជីវិត(ទឹក ដី ភ្លើង ខ្យល់) និងរង្វង់ តំណាងឲ្យវាលវដ្តសង្ខារ (កើត ចាស់ ឈឺ ស្លាប់) និងដោយឈរលើមូលដ្ឋានរក្សាចាស់ បង្កើតថ្មី ទស្សនាទានស្ថាបត្យកម្មដែលជាធាតុដ៏សំខាន់នៃការរចនាប្លង់ស្ថាបត្យកម្មព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ(មង្គលទាំង១០៨របស់ព្រះអង្គ) គឺកើតចេញពីការសំយោគបញ្ចូលគ្នានូវរចនាប័ទ្មរបស់បុព្វបុរសខ្មែរជាច្រើនសម័យកាល ដែលក្នុងនោះរួមមាន ព្រះពុទ្ធប្បដិមា (រចនាប័ទ្មបាយ័ន និងសម័យកណ្តាល) បល្ល័ង្កផ្កាឈូក (រចនាប័ទ្មគូលែន) ខឿន ក្តារបែនឬរានហាល និងបង្កាន់ដៃនាគ (រចនាប័ទ្មអង្គរវត្ត) ថាសជណ្តើរគ្រប់ទិស (រចនាប័ទ្មកោះកេរ) និងរចនាប័ទ្មខ្មែរផ្សេងៗជាច្រើនទៀត រួមសំយោគបញ្ចូលគ្នាបង្កើតបានជារចនាប័ទ្មខ្មែរថ្មី ស.វ ទី២១ នាសម័យតេជានៃសុខសន្តិភាព និងការអភិវឌ្ឍ។

គម្រោងប្លង់ស្ថាបត្យកម្មព្រះពុទ្ធប្បដិមាដែលខ្ពស់ជាងគេនៅកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗលើពិភពលោកនេះ ត្រូវបានសំរិតសំរាំងរចនាប្លង់ដោយស្ថាបត្យករកូនខ្មែរ និងមានការប្រជុំពិនិត្យវាយតម្លៃយ៉ាងម៉ត់ចត់បំផុតនៃកិច្ចប្រជុំអន្តរក្រសួងរួមមានក្រសួងបរិស្ថាន ក្រសួងធម្មការ និងសាសនា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពត អាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត ព្រមទាំងការឯកភាពគ្រាំទ្រដោយគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ននេះ ក្រុមការងាររបស់លោកក្នុងនាមក្រុមហ៊ុន សុខាអូតែល បាននឹងកំពុងសិក្សាប្លង់មេដើម្បីរៀបចំគម្រោងព្រះពុទ្ធប្បដិមាដ៏ធំនេះ ឲ្យក្លាយជាមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ព្រះពុទ្ធសាសនាកម្រិតអន្តរជាតិ។
ព្រះពុទ្ធប្បដិមាដ៏ស្កឹមស្កៃនេះ នឹងបង្កើតជាសក្តានុពលទេសចរណ៍សាសនា ទាំងក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ ហើយព្រះអង្គនឹងគង់ប្រថាប់ជាទីសក្ការៈដ៏ឧត្តុង្គឧត្តមបំផុត ជាសម្បត្តិវប្បធម៌សាសនារបស់ជាតិខ្មែរតរៀងទៅ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមទស្សនាវីដេអូដែលជាស្នាដៃកូនខ្មែរខាងក្រោមនេះដូចតទៅ៖