(ភ្នំពេញ)៖ កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញបង្ក្រាបបទល្មើសនិងឃាត់ជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធនឹងករណីឆក់កាបូប និងប៉ុនប៉ងឃាតកម្ម។

យោងតាមមន្ត្រីនគរបាលរាជធានីភ្នំពេញ ការបង្ក្រាបនេះកើតឡើង២ករណីផ្សេងគ្នា រួមមាន៖

ករណីទី១៖ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅចំណុចម្តុំវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់កាបូបយួរដៃ ប្រព្រឹត្តនៅចំណុចលើស្ពានព្រែកសំរោងត្រើយខាងកើត សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់៖
១-ឈ្មោះ ឡុង រតនៈ
២-ឈ្មោះ ហ៊ីម ជីងហុង
៣-ឈ្មោះ សូត សំអាង។

វត្ថុតាងចាប់យកបានរួមមានម៉ូតូម៉ាកស៊ុយហ្ស៊ុយនិច១គ្រឿង និងម៉ូតូម៉ាកហុងដាស្កុបពី១គ្រឿង។ ភស្តុតាងជារបស់ជនរងគ្រោះចាប់យកមានកាបូបយួរដៃពណ៌ត្នោត ក្នុងនោះមានកុំព្យូទ័រ ឡេបថប់ម៉ាក DELL ពណ៌ខ្មៅ ចំនួន១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១សន្លឹក, កាតវ៉ាក់សាំង ចំនួន១សន្លឹក, ប័ណ្ណសម្គាល់យានយន្តចំនួន១សន្លឹក។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ករណីទី២៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ដដែល កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម៨នាក់ នៅចំណុចដីឡូតិ៍គ្មានលេខ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម (យកដែកបំពង់ទីបប្រវែង៥តឹក វាយក្បាល បណ្តាលឲ្យបែកហូរឈាមរងរបួសដេរ) និងព្រួតគ្នាយកដែកបំពង់ទីប និងដំបងដែកវាយម៉ូតូធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ ខាន់ សុខួច មុខរបរកម្មកររោងចក្រថៃហ្គ័រ ស្នាក់នៅផ្ទះលេខ៦៤៩ ផ្លូវបេតុង ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះរួមមាន៖
១-ឈ្មោះ ជុំ ម៉ៅ
២-ឈ្មោះ ដាញ់ សម្បត្តិ
៣-ឈ្មោះ លី ឃីម។

មន្ត្រីដដែលបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕