(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានស្រុកកំពង់លែង និងភរិយា រួមជាមួយក្រុមការងារ និងប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង បានរួមគ្នាប្រារព្ធពិធីអបអរសាទរ ខួប៤៤ឆ្នាំនៃថ្ងៃជ័យជម្នះ «៧មករា» (៧ មករា ១៩៧៩-៧ មករា ២០២៣) ប្រកបដោយដោយភាពរីករាយក្រៃលែង។

ក្នុងពិធីនោះលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានអានសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនអង្គពិធីឱ្យបានយល់ពីអត្ថន័យ និងយល់ជ្រូតជ្រាបគោលនយោបាយ និងការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយក រដ្ឋមន្ត្រី និងប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចដឹកនាំ កសាង និងអភិវឌ្ឍន៍ជាតិ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានគូសរំលេចអំពីសាវតារមួយចំនួនពាក់ព័ន្ធនឹងទុក្ខវេទនា ក៏ដូចជាការឈឺចាប់ខ្លោចផ្សារបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ នាយឧត្តមសេនីយ៍ ក៏បានលើកបង្ហាញពីប្រវត្តិនៃការតស៊ូ របស់អ្នកស្នេហាជាតិក្រោមការដឹកនាំរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា រហូតរំដោះប្រទេស និងប្រជាជនដោយជោគជ័យ ពីរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

«ចូរយើងចាំទុកថាកាលពី ៤៤ឆ្នាំមុន របបខ្មែរក្រហមដ៏ឃោរឃៅ បានកាប់សម្លាប់ប្រជាជនស្លូតត្រង់ស្លាប់ និងរងទុក្ខវេទនាដូចសត្វធាតុ ។ ដោយសារទុក្ខវេទនាទាំងនេះហើយ ទើបរណសិរ្សសង្គ្រោះជាតិកម្ពុជា បានងើបឡើងដឹកនាំចលនាតស៊ូផ្តួលរំលំរបបវាលពិឃាដ រហូតបង្កើតបានតុលាការកាត់ទោសថ្នាក់ដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ»។ នេះជាការលើកឡើងរបស់នាយឧត្តមសេនីយ៍ សឹង សំណាង។

នាយឧត្តមសេនីយ៍ សឹង សំណាង បន្តថា «នេះជាជិវិតទី២ នៃការរស់រានឡើងវិញនៃជាតិកម្ពុជា ជាពិសេសសភាពការបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បានជួយស្រោចស្រង់ជិវិតប្រជាជនយើង ជាថ្មីម្តងទៀត ឱ្យរួចផុតពីជំងឺឆ្លងដ៏សាហាវកូវីដ១៩ ដែលយើងអាចកំណត់ថាជាជិវិតទី៣ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា»

លោក សឹង សំណាង បានសង្កត់ធ្ងន់ថា តាមរយៈស្នាដៃ និងសមិទ្ធផលទាំងអស់នេះ ប្រជាពលរដ្ឋត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហើយត្រូវកម្ចាត់ចោលរាល់ការភូតកុហក ញុះញង់របស់ក្រុមពួកអគតិឲ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋបន្តការចាក់វ៉ាក់សាំង ដើម្បីភាពសុាំជាមួយមេរោគកូវីដ១៩។ ម្យ៉ាងទៀតប្រជាពលរដ្ឋ ត្រូវអនុវត្តតាមគោលការណ៍រាជរដ្ឋាភិបាលទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងសរសើរចំពោះសិស្សប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិចំនួន ១៧១នាក់ក្នុងនោះសិស្សចំនួន ២នាក់ ទទួលបាននិទ្ទេស A។ លោកបានលើកទឹកចិត្តឱ្យសិស្សបន្តខិតខំរៀនសូត្រឱ្យបានខ្ជាប់ខ្ជួន ក្នុងឱកាសប្រទេសមានសុខសន្តិភាព។

នៅចុងកម្មវិធីមានពិធីរាប់បាត្រប្រគេនព្រះសង្ឃឧទ្ទិសកុសលជូនវិរយុទ្ធជន យុទ្ធនារី ដែលបានពលិជិវិតដើម្បីបុព្វហេតុជាតិ ជាកិច្ចបញ្ចប់ពិធីក្រោមបរិយាកាសសប្បាយរីករាយ៕