(កំពង់ធំ)៖ លោកឧត្តមសេនីយ៍​ទោ សោម​ ស៊ុន​ ប្រធាន​ក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្តចុះមូលដ្ឋានឃុំ​ និងសហការី​ រួមជាមួយក្រុមប្រឹក្សាឃុំ​ លោកគ្រូ​ អ្នក​គ្រូ​ សិស្សានុសិស្ស​ និង​ប្រជាជន​នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ បានប្រារព្ធពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ឆ្នាំ នៃថ្ងៃមហាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩-៧មករា ឆ្នាំ២០២៣ ដែលមានមហាជនចូលរួមចំនួនប្រមាណជាង៦០០នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឧត្ដមសេនីយ៍​ទោ សោម ស៊ុន បានឡើងថ្លែងសន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៤៤ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-៧មករា ឆ្នាំ២០២៣ ដោយបានបញ្ជាក់ថា ថ្ងៃនេះជាទិវាគម្រប់ខួបលើកទី៤៤ឆ្នាំ នៃជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិខ្មែរឲ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា និងរបស់មនុស្សជាតិ ហើយយើងប្រារព្ធខួបអនុស្សាវរីយ៍នេះឡើងក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរយុទ្ធជន យុទ្ធនារីនៃរណសិរ្សយសាមគ្គីសង្គ្រោះជាតិកម្ពុជា អ្នកស្នេហាជាតិទាំងឡាយ និងវីរយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ រហូតពលីកម្មអាយុជីវិត ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មិនឲ្យវិលត្រឡប់មកវិញបាន។

ឧត្ដមសេនីយ៍​ទោ​ សោម ស៊ុន បានសង្កត់ធ្ងន់ថា ស្មារតី ៧មករា បានស្ថិតស្ថិរជាអមតៈក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់តទៅមុខទៀត ហើយយើងទាំងអស់គ្នាប្ដេជ្ញាថែរក្សាពូនជ្រុំស្មារតី៧មករាឲ្យកាន់តែរឹងមាំនិងភ្លឺចែងចាំងជានិច្ច និង​ត្រូវរួមគ្នាកំចាត់ចោលនូវនយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ និងបក្សពួកដែលកំពុងគេចខ្លួនរស់នៅក្រៅប្រទេសឲ្យអស់ពីសង្គមជាតិយើង កុំទុកឱ្យវាបន្តបំពុលសង្គម បំផ្លាញដំណើរ ការរីកចម្រើននិងបង្កការបែកបាក់ជាតិ ដែលនាំទៅដល់គ្រោះមហន្តរាយជាថ្មីទៀត សម្រាប់ប្រជាជាតិយើង។ ជនណាឬគណបក្សនយោបាយណា ដែលបម្រើនយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិនោះ ត្រូវកែប្រែខ្លួនឲ្យបានទាន់ពេលវេលា បើពុំដូច្នោះទេនឹងត្រូវប្រឈមមុខនិងវិធានការច្បាប់ជាធរមាន។​

កញ្ញា សន ពិសៀង តំណាងអង្គមីទ្ទីញទាំងមូលបានឡើងគាំទ្រទាំងស្រុងនូវសន្ទរកថាដ៏មានអត្ថន័យដ៏ជ្រាលជ្រៅជាទីបំផុតរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយបានប្តេជ្ញាចិត្តបន្តពូនជ្រុំសមិទ្ធផលក្រោយថ្ងៃជ័យជំន្នះ៧ មករា ឆ្នាំ១៩៧៩ ឲ្យនៅគង់វង្សជាអមតៈ និងបានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តទី៧ និងគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត៕