(ភ្នំពេញ)៖ ប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សកល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេស ដែលរងការហែកហួរដោយសារ ភ្លើងសង្គ្រាម និងចូលរួមជាមួយសាមីប្រទេសក្នុងការស្តារនីតិសម្បទារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ ដើម្បីកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។

ក្នុងបរិបទនេះ កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមហែកហួរជិត ៣ទសវត្ស ហើយទើបទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសនាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើសមាហរណកម្ម ពីក្នុងតំបន់អាស៊ី ដោយបោះជំហានពង្រីកវិសាលភាពនៃបទពិសោធន៍ដ៏ផូផង់របស់ខ្លួន ចូលរួមចំណែកបេសកកម្មរក្សាសន្តិភាព នៅប្រទេសចំនួន០៩ មាន១១បេសកកម្ម នាទ្វីបអាហ្រ្វិក មជ្ឈឹមបូព៌ា និងអឺរ៉ុប ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន និងតទៅអនាគត។

ជាក់ស្តែងនៅយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ កម្ពុជា បានបន្តបញ្ជូនកងទ័ពមួកខៀវចំនួន១២៩នាក់ (នារី១៦នាក់) និងកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD មានចំនួនសរុប១៤៤នាក់ (នារី១៨នាក់) សម្រាប់ប្តូរវេនកងកម្លាំងដែលសម្រេចបានជោគជ័យរយៈកាលមួយឆ្នាំកន្លងទៅនៅតំបន់ប្រតិបត្តិការក្រោមឆត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី។

ពិធីជូនដំណើរកងកំទេចគ្រឿងផ្ទុះចុងក្រោយ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព លោកស្រីឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា អគ្គនាយករង តំណាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី, ឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា ក្រើនរំឮកដល់កងកម្លាំងមួកខៀវកម្ពុជា ដែលចេញទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់ចំពោះប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

ឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា បានក្រើនរំឮកដល់កងកម្លាំងដែលចេញទៅបំពេញបេសកកម្មមនុស្សធម៌នៅក្រៅប្រទេសដែលកំពុងរងគ្រោះដោយសារភ្លើងសង្គ្រាមត្រូវរក្សាសាមគ្គីគ្នាជាធ្លុងមួយ តាមប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»។ កងកម្លាំងទាំងអស់ត្រូវគិតពីសុវត្ថិភាពជាចម្បង ពិសេសពេលអនុវត្តភារកិច្ច មិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយ ហើយត្រូវចេះដកបទពិសោធន៍ និងមេរៀនល្អៗ កែតម្រូវរាល់កំហុសឆ្គងដែលបានកើតមានឡើង ដើម្បីសម្រេចបានជោគជ័យជូនជាតិមាតុភូមិ។

ឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា ក៏បានរំឮកពីប្រសាសន៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ ជូនដល់កងទ័ពដែលចេញទៅបំពេញបេសកកម្មមនុស្សធម៌ ថា «ទៅគ្រប់មកគ្រប់» ពាក្យនេះ គឺមានអត្ថន័យខ្លាំងណាស់ សម្រាប់កងទ័ពមួកខៀវកម្ពុជា។

ឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា ក៏បានណែនាំដល់កងកម្លាំងដែលចេញទៅបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសដែលកំពុងមានសង្គ្រាមស៊ីវិល ត្រូវចែករំលែកនូវបទពិសោធន៍ ចំណេះជំនាញដែលខ្លួនមានដល់កងកម្លាំងដែលទើបនឹងចេញទៅបំពេញបេសកកម្ម។ ដូចប្រសាសន៍របស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី តែងតែលើកឡើងថា «ស៊ូបង្ហូរញើសលើទីលាន ជាងបង្ហូរឈាមលើសមរភូមិ»។ ដូច្នេះ សូមកងកម្លាំងត្រូវបន្តហ្វឹកហ្វឺន ធ្វើនវានុវត្តន៍ជាប់ជាប្រចាំ ទាំងក្នុងតំបន់បេសកកម្ម ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីយកចំណេះទាំងអនុវត្តការងារនៅក្នុងតំបន់បេសកកម្មពោរពេញទៅទំនុកចិត្ត និងសុវត្ថិភាព។

គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចំនួន៨៦៦០នាក់ ក្នុងនោះមាននារីចំនួន ៦៤៨នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែន។ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវប្រមាណ ៨០០នាក់ (នារី១២៤នាក់) បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ស៊ូដង់ខាងត្បូង ម៉ាលី លីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕