(ភ្នំពេញ)៖ កម្រងឯកសារប្រវត្តិសាស្រ្តជាង៧៣០ទំព័រ ស្តីពីសកម្មភាពដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក្នុងឆ្នាំ២០២២ (៨-១៣ វិច្ឆិកា ២០២២) និងដំណើរទស្សនកិច្ចរបស់សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូ ទៅបរទេស នៅមុននិងក្រោយកិច្ចប្រជុំកំពូលអាស៊ាន ត្រូវបានចេញផ្សាយជាផ្លូវការហើយ នៅចុងសប្តាហ៍នេះ។

លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជាអ្នកចងក្រងឯកសារនេះ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កម្រងឯកសារដែលមានចំណងជើងថា «មរតកតេជោ - ពិស្សុតភាពនៃកម្ពុជាលើឆាកអន្តរជាតិ មុននិងក្រោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២» ពិតជាកម្រងឯកសារប្រវត្តិសាស្រ្តដ៏មានតម្លៃ បង្ហាញពីសមត្ថភាពរបស់កម្ពុជា ជាពិសេសថ្នាក់ដឹកនាំប្រទេសដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានសាងកេរ្តិ៍ឈ្មោះកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ និងនាំប្រទេសស្មើមុខស្មើមាត់នឹងបណ្តាប្រទេស នៅក្នុងតំបន់ និងសកលលោក។

លោក ឆាយ សុផល បានបញ្ជាក់ថា ដូច សម្តេចតេជោ បានប្រសាសន៍នៅក្នុងសន្និសីទបិទបញ្ចប់កិច្ចប្រជុំកំពូល ហើយថា «ផលប្រយោជន៍ដែលកម្ពុជាទទួលបាន គឺកិត្យានុភាពដែលទុកជាប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ។ លុយយើងអាចចាយអស់ក្នុងមួយថ្ងៃ ឬមួយឆ្នាំក៏ប៉ុន្តែកេរដំណែល ដែលយើងរកបានក្នុងប៉ុន្មានថ្ងៃនេះ ចាយវាមិនអស់ទេ។….នេះជាមរតកសម្រាប់កូនចៅគ្រប់ជំនាន់ទុក សិក្សារៀនសូត្រ»។

លោក ឆាយ សុផល បន្តថា ដោយសារតែមើលឃើញពីភាពជាអ្នកដឹកនាំ ប្រកាន់ខ្ជាប់ក្នុងឋានៈជានាយករដ្ឋមន្ត្រី អស់រយៈពេលជិត៤០ឆ្នាំ របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានរួមចំណែកស្វែងរក និងថែរក្សាសន្តិភាព រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច ទាំងនៅក្នុងប្រទេស និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផង មូលនិធិសន្តិភាពស៊ុនហាក់ក៏បានសម្រេចផ្តល់ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ (The Sunhak Peace Prize 2022) ជូន សម្តេចតេជោ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ជាងនេះទៅទៀត សម្តេចតេជោ ក៏បានទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ពីកិច្ចប្រជុំកំពូលបច្ចេកវិទ្យានិងសេដ្ឋកិច្ចចិនសកល និងវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (Strategic Institute for Asia-Pacific ឬ KSI) ដែលមានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី។

លោក សុផល ក៏បានអះអាងដែរថា អ្វីដែលគួរឱ្យមោទនៈបន្ថែមទៀតនោះ គឺដោយសារតែកម្ពុជាមានសន្តិភាព និងមានសមត្ថភាពគ្រប់គ្រាន់ រួមទាំងភាពប៉ិនប្រសប់នៃការដឹកនាំរបស់ សម្តេចតេជោ ទើបក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ប្រគល់ «ទង់ស៊ីហ្គេម» ជាផ្លូវការ ឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេម (SEA GAME) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាឆ្នាំ២០២៣ ដែលកម្ពុជាខកខានធ្វើអស់រយៈជាង៦០ឆ្នាំកន្លងមក។

លោក សុផល រម្លឹកថា ពិតជាមិនធម្មតាទេ ដែលកម្ពុជាអាចរៀបចំព្រឹត្តិការណ៍ពិភពលោកនេះបានដោយជោគជ័យ ដោយមានការសម្របសម្រួលឱ្យមេដឹកនាំប្រទេសមហាអំណាចដែលកំពុងមានជម្លោះនឹងគ្នា និងយកប្រៀបលើភូមិសាស្រ្តនយោបាយលើគ្នា ទាំងនៅអឺរ៉ុបខាងកើត នៅអាស៊ីបូព៌ា និងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក អាចមកអង្គុយក្នុងបន្ទប់តែមួយ ហូបម្ហូបខ្មែរដូចគ្នា ហើយស្តាប់ការជជែកគ្នាដោយយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន។

សូមបញ្ជាក់ថា កម្រងឯកសារនេះត្រូវបានបោះពុម្ពចំនួន១ម៉ឺនច្បាប់ ដោយក្នុង១ច្បាប់តម្លៃ១០,២ដុល្លារ ហើយនឹងត្រូវយកទៅចែកជូនមិត្តអ្នកអាន នៅក្រៅប្រទេស ដូចជា អាម៉េរិក កាណាដា បារាំង អាល្លឺម៉ង់ បែលហ្ស៊ិក អូស្រ្តាលី និងញូវស្ស៊ីលែន ជាដើម ព្រមទាំងជូនបណ្ណាល័យជាតិ និងសាកលវិទ្យាល័យនានានៅទូទាំងប្រទេស រួមទាំងដាក់តាមបណ្ណាគារផង។

ការចេញកម្រងឯកសារនេះក៏ក្នុងបំណងចូលរួមអបអរសាទរទិវាជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្រ្ត និងខួបអាពាហ៍ពិពាហ៍របស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៥ មករា ផងដែរ៕