(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា ថ្ងៃទី៧ ខែមករា ជាថ្ងៃគម្រប់ខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ - ៧ មករា ២០២៣ ជាសច្ចៈធម៌ប្រវត្តិសាស្រ្ត ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍របស់បន ប៉ុល ពត បើកទំព័រប្រវត្តិសាស្រ្តសង្រ្គោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាល នៃរបបដ៏សាហាវយង់ឃ្នងបំផុតនេះបានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹត បំផុតនៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ការលើកឡើងបែបនេះរបស់លោក អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៌លើកទី៤៤(៧ មករា ១៩៧៩-៧មករា ២០២៣) នៅស្នាក់ការគណបក្សស្រុកអូររាំងឪ ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន និងអនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៧ នៃស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។

បន្ទាប់ពីលោក ងួន ប៊ុណ្ណាន ប្រធានគណៈកម្មាធិការគណបក្សស្រុក អានសន្ទកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា រួចមក, លោក អ៊ាង សុផល្លែត បានរំលឹកឡើងវិញនូវប្រវត្តិជ័យជម្នះថ្ងៃ ៧ មករា និងដំណើរវិឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាអគ្គមគ្គុទេសដ៏ឆ្នើមក្នុងស្មារតីស្រឡាញ់សន្តិភាពដ៏ជ្រាលជ្រៅ និងគិតពីឧត្តមប្រយោជន៍ជាតិជាធំសម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចរចាស្វែងរកសន្តិភាពនៅឆ្នាំ១៩៨៧ នៅពេលនោះតួអង្គសំខាន់ដែលបានផ្ដួចផ្ដើមការចរចារកសន្តិភាពគឺ សម្ដេចតេជោ ហ៊ុន សែន និងព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

ជាមួយគ្នានេះដែរ លោក អ៊ាង សុផល្លែត បានរំលឹកពីភាពឈឺចាប់នៃជីវិតដែលរស់នៅយ៉ាងលំបាកវេទនា និងបាត់បង់សាច់ញាតិក្រុមគ្រួសារក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។

លោកបានបន្តថា «អ្វីដែលយើងអាចនិយាយបានមុនគេ គឺយើងទទួលបានមកវិញនូវសិទ្ធិរស់រានមានជីវិត គឺជារឿងមួយដ៏សំខាន់បំផុត ពីព្រោះនៅក្នុងរបបខ្មែរក្រហម សូម្បីតែសិទ្ធិ ក្នុងការស់រានមានជីវិត ក៏គ្មានផង។ ជីវិតរបស់យើងមិនមែនជារបស់យើងទេ គឺជីវិតយើងផ្ញើនៅជាមួយនឹងអង្គការ ដែលមិនដឹងថា តើនៅពេលណាអង្គការដកហូតយកជីវិតយើងនោះទេ ហើយអង្គការជានរណា ក៏យើងមិនស្គាល់ដែរ។ យើងគ្រាន់តែយកត្រី យកដំឡូងដែលយើងរកបានទៅហូប ក៏អង្គការបេះយកជីវិតរបស់យើងដែរ។ សព្វថ្ងៃនេះ យើងមានសិទ្ធិសេរីភាពសព្វបែបយ៉ាង រាប់តាំងពីសិទ្ធគោរពប្រតិបត្តិតាមប្រពៃណី ទំនៀមទម្លាប់ សាសនា សព្វបែបយ៉ាង ដែលនៅក្នុងសម័យខ្មែរក្រហម មិនមានឡើយសូម្បីការអប់រំ។ រីឯផ្នែករូបវ័ន្តវិញ អ្វីៗដែលយើងបានឃើញនៅពេលនេះរួមមាន៖ ស្ពាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារតូចធំរីកដូចផ្សិត ភាពស៊ីវិល័យនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាដើម គឺមិនមែនជាការប្រទានរបស់អាទិទេពទេ តែវាកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល»

បន្ថែមពីនេះ លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា កម្ពុជា ដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុំព័ទ្ធ និងឯកោទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវបានក្លាយជាប្រទេសមួយដែលកំពុងសមាហរណខ្លួនយ៉ាងសកម្ម ទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់និងពិភពលោក និងជាប្រទេសដែលកំពុងតែដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ ជាក់ស្តែងនៅឆ្នាំ២០២២ កម្ពុជាសម្រេចបានសមិទ្ធផលធំៗតាមរយៈ៖

១៖ ការរក្សាបាននូវសុខសន្តិភាពស្ថេរភាពនយោបាយរយៈពេលជាង៣០ឆ្នាំមកនេះ
២៖ ជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណិត្តទី៥ ឆ្នាំ២០២២
៣៖ ជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងបើកដំណើរការប្រទេសក្នុងប្រក្រតីភាពឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចជាតិ
៤៖ រក្សាបាននូវស្ថេរភាពលំនឹងសេដ្ឋកិច្ចឱ្យមានកំណើនទោះបីកម្ពុជាជួបវិបត្តិកូវីដ
៥៖ គោលជំហររបស់កម្ពុជាគឺអនុវត្តគោលនយោបាយការបរទេសឯករាជ្យ អនុលោមតាមច្បាប់ ចំពោះការឈ្លានពានរបស់ប្រទេសរុស្សី ចំពោះអ៊ុយក្រែន
៦៖ ជោគជ័យក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលសម្រេចបាននូវរបាយការណ៍ ចំនួនជាង១០០
៧៖ ភាពលេចធ្លោក្នុងកិច្ចការងារបរិស្ថាន ដែលប្រទេសមហាអំណាច បានកោតសរសើរតាមរយៈការដាក់នូវរបាយការណ៍អធ្យាក្រឹតកាបូន និងកិត្យានុភាពរបស់សម្តេចតេជោ ក្នុងការដឹកនាំប្រទេស។

លោក អ៊ាង សុផល្លែត បានបន្តថា ក្នុងនាមថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ប្តេជ្ញាចិត្ត ប្ដូរផ្តាច់ការពារឯករាជ្យ សេរីភាពរបស់ខ្លួន មិនអនុញ្ញាតឱ្យអនុភាពខាងក្រៅណាធ្វើឱ្យបរាជ័យបានឡើយ ដូច្នេះ ត្រូវរួមគ្នាថែរក្សាពូនជ្រុំរាល់សមិទ្ធផលដ៏ថ្លៃថ្លា នៃសង្គមជាតិឱ្យបានគង់វង្ស និងរឹងមាំឡើងនៅគ្រប់កាលៈទេសៈ។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាប្តេជ្ញាដាច់ខាតការពារសន្តិភាព និងឯកភាពជាតិដែលយើងសម្រេចបានមក ដោយលំបាកបំផុតនេះឱ្យស្ថិតស្ថេរ គង់វង្សជានិច្ច មិនឱ្យជនណា ឬអនុភាពណាមកបំផ្លាញបានឡើយ៕