(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញចុះទាំងយប់ ដើម្បីដោះស្រាយបញ្ហាពីការបាក់ទំនប់ទី២របស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ ក្បាលឆាយ ដែលបណ្ដាលឱ្យខូចខាត និងបាក់ទាំងម៉ាស៉ីនបូមទឹក ដើម្បីនាំទឹកទៅកាន់ស្ថានីយ៍ចម្រោះទឹកស្អាត៣ផងដែរ។ ចំពោះបញ្ហានេះត្រូវបានអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅក្រុងព្រះសីហនុទាំងមូលនឹងមានការរអាក់រអួលប្រមាណ៥០ភាគរយ។

ហេតុការណ៍នៃការបាក់ទំបន់ទី២នេះ បានកើតឡើងនៅយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ បណ្ដាលឱ្យប៉ះពាល់ដល់ម៉ាស៉ីនបូមទឹក តែបញ្ហានេះមិនបណ្ដាលឲ្យប៉ះពាល់សុវត្ថិភាពប្រជាជននោះឡើយ គ្រាន់តែខកខាននូវការផ្គត់ផ្គង់ទឹកប្រហែលពាក់កណ្ដាលនៅក្រុងព្រះសីហនុ និងផ្នែកខ្លះនៃស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ។

លោក គួច ចំរើន បានឱ្យដឹងថា ស្ថានីយចម្រោះទឹកស្អាតនៅទំនប់ទី២ អាចផ្គត់ផ្គង់ទឹកស្អាតបាន៣លានម៉ែត្រគូប។ ប៉ុន្តែដោយសារការបាក់ទំនប់ទី៣នេះ ក៏បានធ្វើឱ្យគាំងម៉ាស៉ីន១គ្រឿងក្នុងចំណោម២គ្រឿង មិនអាចដំណើរការទៅបានដោយសារតែ កន្លែងទំនប់ទី២បានបាក់ ហើយក៏បាក់ទាំងម៉ាស៉ីនបូមទឹកនៅទីនោះ ដែលសម្រាប់ផ្គត់ផ្គង់ឱ្យទៅស្ថានីយ៍ទី៣ ដូច្នេះទើបធ្វើឱ្យស្ថានីយចម្រោះទឹកទី៣ គាំងលែងដំណើរការតែម្ដងដែលមុននេះស្ថានីយទាំង២នេះ គឺដំណើរការទាំង២សម្រាប់ប្រើប្រាស់នៅក្នុងទីក្រុង។

លោកបានបន្តថា តាមធម្មតា មានម៉ាស៉ីន២ដែលត្រូវដំណើរការរៀងរាល់ថ្ងៃ តែដោយសារមានបញ្ហានេះទៅ ក៏សល់តែម៉ាស៉ីន១គ្រឿងប៉ុណ្ណោះ ដែលកំពុងដំណើរការចម្រោះទឹកកខ្វក់នោះ។ ទោះបីមិនគ្រប់គ្រាន់ តែក៏មិនអត់សោះដែរ។

លោកបានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋក្នុងខេត្ត ខណៈអាជ្ញាធរ និងក្រុមហ៊ុនក៏កំពុងដុតដៃដុតជើងរកវិធីជួសជុលដើម្បីដំណើរការឡើងវិញឲ្យបានឆាប់។ តួយ៉ាង លោកបានពិគ្រោះជាមួយក្រុមការងារ និងបានដាក់ចេញផែនការ៤ទិសក្នុងពេលតែមួយ ដែលនឹងត្រូវចាប់ផ្ដើមពីថ្ងៃនេះ នៅពេលដែលអាកាសធាតុអំណោយផល ហើយអាចមើលឃើញគោលដៅនោះក្រុមការងារជំនាញនឹងធ្វើសកម្មភាពភ្លាម។

ក្រុមការងារ៤ត្រូវបានបែងចែកដើម្បីចាត់ចែងការងារនេះជាបន្ទាន់រួមមាន៖

ក្រុមការងារទី១៖ មានក្រុមជាងត្រូវជួសជុលក្បាលបូមដែលរងការខូចខាតពីការបាក់ទំនប់នេះឱ្យបានលឿនឆាប់តាមដែលអាចធ្វើទៅបាន។

ក្រុមការងារទី២៖ ក្រុមជំនាញការអគ្គិសនីដែលនឹងត្រូវដោះស្រាយបញ្ហាខូចខាតអគ្គិសនីដែលខូចខាត បាក់រលំក្នុងពេលបាក់ទំនប់នោះ ដើម្បីត្រៀមបើកដំណើរការបូមទឹកយកទៅចម្រោះផលិតជាទឹកស្អាតឡើងវិញនៅពេលក្រុមការងារទី១ ជួសជុលទំបន់រួចរាល់ ហើយនៅពេលផលិតបានទឹកស្អាតហើយ នឹងចាប់ផ្ដើមការផ្គត់ផ្គង់ទៅឱ្យប្រជាពលរដ្ឋក្នុងទីក្រុងឡើងវិញ។ បច្ចុប្បន្ននេះត្រង់ស្វូ និងបង្គោលភ្លើងមួយចំនួនបានបាក់រលំដួល។

ក្រុមការងារទី៣៖ ក្រុមជួសជុលទប់ទំនប់ឡើងវិញ មានទាំងក្រុមជាង ក្រុមបញ្ជាគ្រឿងចក្ររបស់ក្រុមហ៊ុនមានស្រាប់ចំនួន៣គ្រឿង ហើយលោកអភិបាលខេត្ត ក៏បានណែនាំទៅមន្ទីរសាធារណការ និងដឹកជញ្ជូននាំយកគ្រឿងចក្រមក៣គ្រឿងបន្ថែមទៀត និងរថយន្តដឹកដី៣គ្រឿងទៀត សម្រាប់ជួយគាំទ្រកិច្ចការនេះឱ្យបានលឿនឆាប់។

ក្រុមការងារទី៤៖ ក្រុមតបណ្ដាញទុយោដើម្បីបូមទឹកចេញពីស្ថានីយទី១ យកទៅចម្រោះនៅស្ថានីយទី២ និងបន្តចម្រោះសម្អាតនៅស្ថានីយទី៣ដូចគ្នា។

ឆ្លៀតនៅក្នុងឱកាសនោះ លោក គួច ចំរើន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំមានការព្រួយបារម្ភរឿងគ្មានទឹកប្រើប្រាស់ ទោះបីបាក់ទំបន់ទី២នេះក៏ពិតមែន តែនៅសល់អាងទឹកទី១ អាងទឹកទី៣ និងអាងទឹកទី៤ ដែលមានទឹកយ៉ាងច្រើនសម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនាពេលខាងមុខ គ្រាន់តែមានការលំបាកខ្លះនៅថ្ងៃនេះ ថ្ងៃស្អែក ឬអាចដល់ថ្ងៃខាងស្អែក ពោលគឺក្នុងរង្វង់៣ថ្ងៃ។

លោកថា នៅសល់ម៉ាស៉ីនមួយទៀតដែលអាចផ្គត់ផ្គង់ទឹកស្អាតបាន៥០ភាគរយ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋសូមជួយសន្សំសំចៃក្នុងប្រើប្រាស់ទឹកក្នុងពេល៣ថ្ងៃនេះ។ ចំពោះការប្រើប្រាស់ដែលមិនចាំបាច់ក៏គួរផ្អាកបណ្ដោះអាសន្នសិន ដូចស្រោចស្មៅ ស្រោចសួនជាដើម។

យោងតាមមន្ត្រីរដ្ឋាករទឹកខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនេះ គឺក្រុមហ៊ុនអានកូ វតធើ ស័បផ្លាយ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅក្រុងព្រះសីហនុ និងមួយផ្នែកនៅស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ក្នុងបរិមាណពី៧៤០០០ទៅ៨០០០០ម៉ែត្រគូប។ ការផលិតទឹកស្អាតនេះគឺនៅសង្កាត់ក្បាលឆាយ សង្កាត់១ ក្រុងព្រះសីហនុ។ ការផលិតមានស្ថានីយចំនួន៣។

ការផលិតនៅស្ថានីយទី២នេះ គឺបានតែពាក់កណ្ដាលនៃការផ្គត់ផ្គង់នោះទេ ដូចស្ថានីយផ្សេងគឺនៅអាចផ្គត់ផ្គង់ពាក់កណ្ដាលទៀត។ សម្រាប់វិធានការបន្ទាប់ នាថ្ងៃទី៨ ខែមករានេះ អភិបាលរងខេត្តព្រះសីហនុ២រូប មានលោក ឡង់ ឌីម៉ង់ និងលោក អ៉ី សុខឡេង បានដឹកនាំប្រធានមន្ទីរ មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន សហការជាមួយក្រុមហ៊ុនស ចុះទៅពិនិត្យកិច្ចការជួសជុលនេះ ដើម្បីឲ្យដំណើរការឡើងវិញផងដែរ៕