(ភ្នំពេញ)​៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា ផ្តើមពីការយកឈ្នះលើជំងឺកូវីដ១៩ ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកើនឡើង ក្នុងរង្វង់ ៥.៥ភាគរយ នៅឆ្នាំ២០២២ និងរំពឹងសម្រេចបាន ៦.៦ភាគរយ នៅឆ្នាំ២០២៣។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រារព្ធពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដោយមានការចូលរួម ពីថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋសរុបជាង២ម៉ឺននាក់ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលបានឆ្លងរាតត្បាតយ៉ាងខ្លាំង ក្នុងឆ្នាំ២០២០-២០២១ បានទទួលជោគជ័យ តាមរយៈការដឹកនាំដ៏ត្រឹមត្រូវ ការអនុវត្តយុទ្ធសាស្ត្រ និងវិធានការដ៏មុតស្រួច នានាប្រកបដោយប្រសិទ្ធភាព និងការចូលរួមដ៏សកម្មរបស់ប្រជាជន ដែលបានពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន ធានាដល់ដំណើរការស្តារ និងជំរុញសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូរីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យសេដ្ឋកិច្ច បានងើបឡើងវិញយ៉ាងឆាប់ ដោយសារការខិតខំប្រឹងប្រែង ប្រកបដោយភាពបុរសកម្ម និងភាពម្ចាស់ការរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញវិធានការ រក្សាលំនឹងសង្គម-សេដ្ឋកិច្ច ទាន់ពេលជាបន្តបន្ទាប់។ លើមូលដ្ឋាននេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានកំណើន ក្នុងរង្វង់ ៥.៥% ក្នុងឆ្នាំ២០២២ និងត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើន ៦.៦% នៅឆ្នាំ២០២៣»

ព្រមជាមួយនេះ ជីវភាពប្រជាជនរក្សាបានភាពនឹងន ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះដែលរងឥទ្ធិពលខ្លាំងពីវិបត្តិជំងឺកវីដ-១៩ រួមទាំងប្រជាជនងាយរងហានិភ័យពីសម្ពាធនៃការឡើងថ្លៃ ទំនិញជាសាកល និងប្រជាជនរងគ្រោះដោយទឹកជំនន់ តាមរយៈការអនុវត្តកម្មវិធី និងវិធានការអន្តរាគមន៍សង្គមកិច្ចនានាបានទាន់ពេល។ នេះជាការគូសបញ្ជាក់បន្ថែម របស់សម្ដេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងទៀតថា នៅឆ្នាំ២០២៣នេះ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធត្រូវបានដំឡើងប្រាក់ប្រៀវត្សមួយកម្រិតទៀត ព្រមជាមួយនេះ ប្រាក់សោធននិវត្តន៍ របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ក៏ត្រូវបានកែសម្រួល និងដំឡើងផងដែរ។ ដោយឡែក ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ ក៏ត្រូវបានដំឡើងដល់២០០ដុល្លារ រួមទាំងការបន្តទទួលបាន អត្ថប្រយោជន៍ផ្សេងៗទៀត ពីការអនុវត្តគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលនេះ យើងបានឈានចូលឆ្នាំ២០២៣ហើយ ដែលជាឆ្នាំទី៥ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ នៅក្នុងឆ្នាំ២០២២ ដែលទើបតែកន្លងផុតទៅនេះ កម្ពុជាបានសម្រេចសមិទ្ធផលថ្មីៗទៀត លើមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន ទោះបីជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលប់បំបាត់ទាំងស្រុង និងត្រូវទទួលរងឥទ្ធិពល ពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិក្ដី។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន ត្រូវបានការពារយ៉ាងគត់មត់ ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ពាក្យស្លោក «អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ» បានលាន់រន្ទឺពាសពេញប្រទេស និងបានក្លាយជាស្មារតីនៃសង្គមជាតិដ៏ខ្លាំងក្លារស់រវើក នៅក្នុងដំណើរកសាង និងការពារមាតុភូមិ។ បើយើងរក្សាសន្តិភាពមិនបាន យើងពិតជាមិនអាចទទួលសមិទ្ធផល គ្រប់យ៉ាងនៅថ្ងៃនេះបានឡើយ៕