(ភ្នំពេញ)៖ ក្រុមហ៊ុ​ន Walmart ដែលជាក្រុមហ៊ុនលក់រាយដ៏ធំ របស់អាមេរិក បានបង្ហាញបំណងពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ កម្ពុជា ប្រកាសស្វាគមន៍ចំពោះបំណងនេះ ដោយរំពឹងថាផលិតផលកម្ពុជាកាន់តែច្រើនត្រូវបានដាក់លក់នៅក្នុងផ្សារ Walmart។

បំណងពង្រីកអាជីវកម្មនៅកម្ពុជារបស់ក្រុមហ៊ុន Walmart បានស្តែងឡើងនៅក្នុងជំនួបរវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយលោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart ប្រចាំរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក និងសហការី តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា និងដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ដោយផ្តល់នូវកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Walmart និងក្រសួងពាណិជ្ជកម្មនាពេលអនាគត។

ក្នុងជំនួបនោះរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart និងសហការី ដែលបានស្នើសុំការសហការពីក្រសួងពាណិជ្ជកម្មនៅក្នុងការពង្រីកធុរកិច្ចនៅក្នុងប្រទេសកម្ពុជា និងបានវាយតម្លៃខ្ពស់នូវការបញ្ជាទិញរបស់ក្រុមហ៊ុន Walmart នូវផលិតផលសម្លៀកបំពាក់ និងសម្ភារៈធ្វើដំណើរពីកម្ពុជា។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជម្រាបអំពីស្ថានភាពល្អប្រសើរ នៃការគ្រប់គ្រងជំងឺកូវីដ-១៩ ក្រោមការដឹកនាំ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលនាំឱ្យកម្ពុជាអាចបើកនូវរាល់សកម្មភាពសេដ្ឋកិច្ចឡើងវិញ។

លោក ប៉ាន សូរស័ក្តិ ក៏បានផ្តល់នូវបច្ចុប្បន្នភាពនៃសមិទ្ធផលថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងបរិយាកាសធុរកិច្ចនៅកម្ពុជា ជាពិសេស ការធ្វើពិពិធកម្មទីផ្សារនាំចេញ ដូចជា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី ជាមួយបណ្តាប្រទេសនានា និងការពង្រឹងស្ថាប័ន តាមរយៈការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការបន្តធ្វើទំនើបកម្មសេវាសាធារណៈ និងកិច្ចសម្រួលពាណិជ្ជកម្មនានា សំដៅសម្រួលដល់ការធ្វើធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជាកាន់តែប្រសើរឡើង។

បន្ថែមពីលើនោះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវសេចក្តីរីករាយ និងគាំទ្រពេញទំហឹង ចំពោះគោលបំណងរបស់ក្រុមហ៊ុន Walmart ក្នុងការទិញទំនិញពីកម្ពុជាបន្ថែមទៀត ដូចជាផលិតផលគ្រឿងសង្ហារឹម អេឡិចត្រូនិក និងជាពិសេសផលិតផលកសិកម្មសំខាន់ៗពីកម្ពុជា ដែលបំពេញបានតាមស្តង់ដារអន្តរជាតិ។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការជំរុញទិញផលិតផលបន្ថែមពីកម្ពុជា គឺសំដៅរួមចំណែកក្នុងការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ក្រសួងពាណិជ្ជកម្ម នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន Walmart វិស័យឯកជន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងជំនួបនោះលោកស្រី Anbinh Phan បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានអបអរសាទរជូនក្រសួងពាណិជ្ជកម្ម ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ដូចជា RCEP កម្ពុជា-ចិន កម្ពុជា-កូរ៉េ ជាដើម។

លោកស្រី ក៏បានជម្រាបផងដែរថា ក្រុមហ៊ុន Walmart មានបំណងពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូ ក្នុងសកម្មភាពធុរកិច្ច វិនិយោគ ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា ជាពិសេសស្រ្តី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ក្រុមហ៊ុន Walmart នៅតែជាដៃគូពាណិជ្ជកម្មដ៏ល្អ ជាមួយអ្នកផលិតនៅកម្ពុជា លើវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ និងកសិកម្ម។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបញ្ជាក់សាជាថ្មីនូវការខិតខំសហការជាមួយក្រុមហ៊ុន Walmart និងគាំទ្ររាល់គោលបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងធុរកិច្ចនៅកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕