(យ៉ាងហ្គោន)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា (ភូមា) លោកស្រី អ៊ុងសាន ស៊ូជី នៅព្រឹក​ថ្ងៃ​ពុធនេះ បានចាកចេញពីទីក្រុងយ៉ាងហ្គោន ដើម្បីទៅបំពេញទស្សនកិច្ចជាផ្លូវការចំនួន​៣ថ្ងៃ នៅប្រទេសថៃ តាមការស្នើអញ្ជើញ​របស់នាយករដ្ឋមន្ត្រីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា។ នេះបើយោងតាមការ​ចេញ​ផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៣ ខែមិថុនា។

យោងតាមការបញ្ជាក់ពីក្រសួងការបរទសថៃ លោកស្រី ស៊ូជី នឹងជួបជាមួយកម្មករអន្តោប្រវេសន៍មីយ៉ាន់ម៉ា ដំបូងគេបំផុត នៅ​ផ្សារតាឡាយរបស់ថៃ ដែលជាផ្សារអាហារសមុទ្រ​ធំជាងគេបំផុត​នៅក្នុងខេត្តសាម៉ុត សាខន។

នៅក្នុងដំណើរទស្សនកិច្ចនោះ លោកស្រីនឹងជួបពិភាក្សាជាមួយលោក ប្រាយុទ្ធ ចាន់អូចា ទៅលើកិច្ចសហ​ប្រតិបត្តការមួយចំនួន ដើម្បីរឹតបន្ដឹងចំណងមិត្តភាពទ្វេភាគី ប៉ុន្តែពុំមានការបញ្ជាក់ថា នៅក្នុងជំនួបនោះ នឹងមាន​ការចុះហត្ថលេខលើកិច្ចព្រៀមអ្វីខ្លះនោះទេ។

នៅថ្ងៃសៅរ៍ លោកស្រី ស៊ូជី នឹងទៅទស្សនកិច្ច​កន្លែងជម្រកបណ្ដោះអាសន្ន​សម្រាប់​ជនជម្លៀសមីយ៉ាន់ម៉ានៅ​ខេត្ត Ratchaburi ហើយក៏បញ្ចប់ដំណើរទស្សនកិច្ចនៅល្ងាចថ្ងៃសៅរ៍នោះតែម្ដង។

គួរបញ្ជាក់ផងដែរថា មានកម្មករអន្តោប្រវេសន៍មីយ៉ាន់ម៉ា ដែលមានចុះបញ្ជី​ចំនួន ១,៥៩លាននាក់ កំពុងរស់នៅ និងបម្រើការងារនៅក្នុងប្រទេសថៃ៕