(ភ្នំពេញ)៖ ​ភាគីកម្ពុជា-វៀតណាម បានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យកើនឡើងដល់៥ពាន់លានដុល្លារអាមេរិក ដូចដែលនាយករដ្ឋមន្រ្តី ទាំងពីរបានឯកភាពគ្នា កាលពីពេលកន្លងមក នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅព្រឹកថ្ងៃនេះ។

ក្រៅពីការឯកភាពខាងលើនេះ ភាគីកម្ពុជា-វៀតណាម​ ក៏បានព្រមព្រៀងគ្នា ឲ្យមានការវិនិយោគដោយផ្ទាល់របស់ វិនិយោគិនវៀតណាម មកកម្ពុជា បន្ថែមទៀត​និងជំរុញឲ្យមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តី ពីការជៀសវាងយកពន្ធត្រួតត្រាគ្នាឲ្យបានឆាប់។ ភាគីទាំងពីរ ក៏សម្រេចនូវកិច្ចព្រមព្រៀងថ្មី ស្តីពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញ សេវាកម្មនៅតំបន់ព្រំដែន។

​ភាគីកម្ពុជា-វៀតណាម នៅមានការឯកភាពគ្នា លើកិច្ចព្រមព្រៀងជាច្រើនទៀត ទាំងការព្រមព្រៀងលើពាណិជ្ជកម្ម ព្រំដែន និងទំនាក់ទំនងការទូតជាដើម។

ការឯកភាពរវាង ​ភាគីកម្ពុជា-វៀតណាម​ បានធ្វើឡើងខណៈ ដែលលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិជួបសម្តែង ការគួរសម ជាមួយ លោក ផាម ប៊ិញមិញ រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ច ជាផ្លូវការ នៅសាធារណរដ្ឋ សង្គមនិយមវៀតណាមចាប់ពីថ្ងៃទី២១-២៣ ខែមិថុនា ឆ្នាំ២០១៦៕