(ញូដេលី)៖ ក្នុងរយៈពេល៤ថ្ងៃគិតមកដល់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៦ នេះ ចំនួនមនុស្សស្លាប់ ដែលបង្កឡើងដោយរន្ទះបាញ់នៅបណ្តារដ្ឋភាគខាងកើតប្រទេសឥណ្ឌា ដូចជា Bihar, Jharkhand និង Madhya Pradesh បានកើនឡើងដល់ ៩០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី RT នៅមុននេះបន្តិច។

គួរបញ្ជាក់ថា នៅដើមរដូវវស្សានេះ មិនត្រឹមតែប្រទេសឥណ្ឌាទេដែលរងគ្រោះធម្មជាតិអាក្រក់ៗ ដូចជាខ្យល់ព្យុះ ទឹកជំនន់ ការបាក់ដី និង រន្ទះបាញ់ ដោយសូម្បីតែប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និង អាស៊ីខាងត្បូង ភាគច្រើនក៏បានទទួលរងគ្រោះប្រហាក់ប្រហែលនឹងគ្នាដែរ។

យ៉ាងណាមិញរដ្ឋាភិបាលឥណ្ឌា បានបញ្ជាឲ្យអាជ្ញាធរថ្នាក់តំបន់ ធ្វើការណែនាំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និង​មិនត្រូវដើរទៅណាមកណា ឬជ្រកក្រោមដើមឈើធំៗ នោះឡើយប្រសិនបើមេឃកលរកភ្លៀង ឬ ក៏ពេលកំពុងមានភ្លៀងខ្យល់ខ្លាំងនោះ៕