(ប៉ារីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ពិតជារកជ័យជំនះមិនបានមែន លេង៣ប្រកួតក្នុងពូល F ចុងក្រោយគេ ស្មើ ៣-៣ ជាមួយហុងគ្រី យប់មិញទៀត តែបានឡើងទៅជួបក្រូអាតនៅវគ្គ១៦ក្រុមផងដែរ ក្នុងនាមជាក្រុមឈរនៅលេខ៣។

សារព័ត៌មាន BBC បានផ្សាយថា រាជសីហ៍រោមមាសព័រទុយហ្គាល់ បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ទាំងត្រដាបត្រដួស ក្នុងនាមជាក្រុមលេខ៣ ប្រចាំពូល F ដោយលេង៣ប្រកួត មិនដែលឈ្នះ និងចាញ់ឡើយ តែស្មើទាំង៣ប្រកួត រកបាន៣ពិន្ទុ គ្រាដែល អ៊ីស្លង់ ឈរនៅលេខ២ មាន៥ពិន្ទុ បន្ទាប់ពីយកឈ្នះអូទ្រីស ២-១ យប់មិញទៀត ហើយហុងឈរនៅកំពូលតារាង មាន៥ពិន្ទុដែរ។

ក្រុមមិនទាន់ឈ្នះពាន Euro ព័រទុយហ្គាល់ បានស៊ុតតាមស្មើ ៣-៣ ទល់នឹងហុងគ្រី ធ្វើបានគ្រាបលទី១ ដោយ Nani នៅនាទីទី៤២ ក្រោយពេលហុងគ្រីនាំមុខ១គ្រាប់ នៅនាទីទី១៩ និងមិត្តរួមក្រុម Cristiano Ronaldo រកបាន២គ្រាប់នៅនាទីទី៥០ និង៦២ ជាមួយនឹង២គ្រាប់បន្ថែមរបស់ហុងគ្រី រកបាននៅនាទីទី៤៧ និង៥៥។

២ប្រកួតបញ្ចប់ពូល E យប់មិញនេះដែរ ក្នុងព្រឹត្តិការណ៍បាល់ទាត់ UEFA Euro 2016 នៅប្រទេសបារាំង, ប៊ែលហ្ស៊ិក ឈ្នះស៊ុយអែត ១-០ ហើយសាធារណរដ្ឋអៀរឡង់ បានឈ្នះអ៊ីតាលី ១-០ ដូចគ្នា ដោយបានឡើង៣ក្រុម និងហាលអាវតែស៊ុយអែតមួយទេ។

ក្រោយបញ្ចប់វគ្គជម្រុះសន្សំពិន្ទុ ក្នុងរយៈពេល១២ថ្ងៃទាំង៦ពូល ដែលមាន២៤ក្រុមជាតិសាសន៍ នៅរាត្រីថ្ងៃទី២៣ និង២៤ មិថុនា ពុំមានការប្រកួតឡើយ គឺសម្រាក២ថ្ងៃ មុនពេលចាប់ផ្តើមវគ្គចាញ់ ធ្លាក់ថ្ងៃទី២៥ មិថុនាបន្តទៀត ចាប់ផ្តើមពីម៉ោង៨យប់តទៅ។

ក្រុមដែលជួបគ្នានៅវគ្គ១៦ក្រុមមាន ស្វីស ប៉ះប៉ូឡូញ, វ៉េល ប៉ះអៀរឡង់ខាងជើង, ព័រទុយហ្គាល់ ប៉ះក្រូអាត, ម្ចាស់ផ្ទះបារាំង ប៉ះសាធារណរដ្ឋអៀរឡង់, អាល្លឺម៉ង់ ប៉ះស្លវ៉ាគី, ហុងគ្រី ប៉ះប៊ែលហ្ស៊ិក, អ៊ីតាលី ប៉ះអេស្ប៉ាញ និងអង់គ្លេស ប៉ះអ៊ីស្លង់៕