(តូក្យូ)៖ ឯកអគ្គរដ្ឋទូតជប៉ុន ទទួលបន្ទុកទំនាក់ទំនងរុស្ស៊ី-ជប៉ុន លោក Chikahito Harada នៅថ្ងៃពុធនេះ បានមានប្រសាសន៍ថា លោកបានចែករំលែកនូវការព្រួយបារម្ភ ស្តីពីការបាញ់គ្រាប់មីស៊ីលចុងក្រោយនេះ របស់កូរ៉េខាងជើង ជាមួយនឹងអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Igor Morgulov នេះបើតាមការចុះផ្សាយ ពីសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ។

«យើងបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ស្តីអំពីការបាញ់គ្រាប់មីស៊ីល របស់ប្រទេសកូរ៉េខាងជើង និងបានចែករំលែកនូវក្តីបារម្ភរបស់ពួកយើងផងដែរ» នេះបើតាមការលើកឡើង របស់លោក Chikahito Harada ប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន។

លោកបានបន្ថែមថា «យើងបានព្រមព្រៀងគ្នា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ នាឱកាសនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។ សូមជំរាបថា កូរ៉េខាងជើង បានបាញ់នូវអ្វីដែលត្រូវបានស្គាល់ថាជាគ្រាប់មីស៊ីលរយៈចម្ងាយមធ្យមនៅថ្ងៃពុធនេះ ទៅកាន់រយៈកម្ពស់ខ្ពស់ ទិសដៅតម្រង់ទៅកាន់ប្រទេសជប៉ុន មុនពេលវាបានធ្លាក់ចូលទៅក្នុងទឹកសមុទ្រ៕