(ភ្នំពេញ)៖ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅយប់ថ្ងៃទី២២ ខែមិថុនានេះ បានជូនដំណឹងដល់អថិតិជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ឲ្យបានជ្រាប អំពីករណីបំពង់បង្ហូរទឹកទំហំ ២៥០មីល្លីម៉ែត្រ បានប្រេះបែកធ្លាយ ក្នុងទីតាំងដីទំនេរ ស្ថិតខាងត្បូងស្តាតអូរឡាំពិក ជាប់ស្ថានីយប្រេងឥន្ធនៈ Total ដែលបណ្តាលឲ្យប៉ះពាល់ ដល់ការប្រើប្រាស់ទឹក របស់បងប្អូនប្រជាពលរដ្ឋ។ 

លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹក បានបញ្ជាក់ថា ចំពោះករណីបែកធ្លាយទុយោទឹកនេះ រដ្ឋាករទឹកមានគម្រោងជួសជុល នៅម៉ោង២២យប់ ថ្ងៃទី២២ ខែមិថុនានេះ ហើយការងារជួសជុលឡើងវិញនេះ នឹងត្រូវចំណាយពេលប្រហែល ៦ទៅ៧ម៉ោង ទើបរួចរាល់ ព្រោះមានខ្សែភ្លើងធំៗនៅពីលើនោះច្រើន។

អគ្គនាយករូបនោះ បានបន្ថែមថា ការងារជួសជុលនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ការប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងបរិវេណស្តាត និងសង្កាត់ទួលស្វាយព្រៃ១ និងសង្កាត់ទួលស្វាយព្រៃ២ផងដែរ។ ជាមួយនឹងការជួសជុលនេះផងដែរ អាចនឹងមានករណីទឹកល្អក់ ទឹកខ្សោយកើតមានផងដែរ អាស្រយ័ហេតុនេះ សូមអតិថិជនមេត្តាជ្រាប និងសុំការយោគយល់អធ្យាស្រ័យ ចំពោះករណីចៃដន្យបែបនេះ៕