(ភ្នំពេញ)៖ បុរសជាជាងផ្សាដែកម្នាក់ត្រូវរបួសរលាកខ្លោចពេញខ្លួនប្រាណ និងម្នាក់ទៀតត្រូវរងរបួសស្រាល ដោយសារត្រូវឆក់ខ្សែភ្លើង បន្ទាប់ពីពួកគេទាំង២នាក់ លើកដែកសសៃឡើង​លើផ្ទះដើម្បី​ផ្សារដំបូល មិនប្រយ័ត្នបណ្តាលឲ្យប៉ះចំខ្សែកាប ត្រូវឆក់ កាលពីវេលាម៉ោង ១២ និង ៤៥នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចសិប្បកម្ម កាត់កញ្ចក់ ស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ខាងលើ ទី១មានឈ្មោះ ឃឹម ភេទប្រុស អាយុ២៧ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ វណ្ណី ភេទប្រុស អាយុ៣៤ឆ្នាំ។ជនរងគ្រោះទាំង២នាក់មានមុខរបរជាជាងផ្សាដែកដូចគ្នា ស្នាក់នៅផ្ទះជួល ទីតាំងកើតហេតុ ជាមួយគ្នា ។

តាមការរៀបរាប់របស់ជនរងគ្រោះម្នាក់ឈ្មោះ វណ្ណី បាននិយាយថា ដំបូងឡើយឈ្មោះ ផាត សុម៉ាច បានឡើងទៅលើដំបូងផ្ទះមុនដើម្បីផ្សារដំបូលនៅខាងលើនោះ ហើយរូបខ្លួនជាអ្នក​ហុចដែកពីក្រោម​ទៅអោយ ដោយដែកនីមួយៗមានប្រវែងមិនក្រោម ពី៣ ទៅ៤ម៉ែត្រនោះ ហើយខ្សែកាបដែលស្ថិតតាម​បណ្តោយផ្លូវ​៣៧១នោះ មានគន្លាតខ្លីពីដំបូលផ្ទះ ពោលគឺឃ្លាតពីដំបូលផ្ទះរបស់ពួកគេតែជាង ១ម៉ែត្រប៉ុណ្ណោះ បណ្តាលអោយដែកវែងនោះ ជ្រុលទៅប៉ះជាមួយនឹងខ្សែកាប ឆ្លងចរន្តភ្លើងឆក់ដល់ឈ្មោះ សុម៉ាច បែកផ្កាភ្លើងរលាកខ្លោចពាសពេញដងខ្លួនរងរបួសធ្ងន់ ។

​ដោយឡែកឈ្មោះ វណ្ណីពេលនោះក៏ត្រូវចរន្តភ្លើងឆក់ផងដែរ ប៉ុន្តែដឹងខ្លួនទាន់ ក៏ស្រវាដកដៃចេញទាន់ ទើបត្រូវរងរបួសស្រាល គ្រាន់តែដងខ្លួនហាក់រឹងបន្តិច ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗ និងជួយទំនាក់ទំនងទៅកាន់​រថយន្តសាម៉ុយ​អោយមកទទួល​យកជនរងគ្រោះ​ទាំង២ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ផងដែរ ៕