(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Abdelhamid Boubazine ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសអាល់ហ្សេរី ប្រចាំប្រទេសកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អាល់ហ្សេរី។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានសម្ដែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះ ឯកអគ្គរដ្ឋទូត នៃប្រទេសអាល់ហ្សេរី ប្រចាំនៅកម្ពុជា ដែលកន្លងទៅថ្មីៗនេះ បានខិតខំជួយសម្របសម្រួលដល់ប្រតិភូកម្ពុជា ក្នុងការទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសអាល់ហ្សេរី ដែលទទួលបានលទ្ធផលផ្លែផ្កាវិជ្ជមានជាច្រើន គួរជាទីមោទនៈ។

ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានជម្រាបជូន ឯកអគ្គរដ្ឋទូត ពីសន្តិភាព ស្ថេរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ភាពរីកចម្រើនជឿនលឿន សុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានបញ្ជាក់ទៀតថា សម្រាប់សហគមន៍ឥស្លាមនៅកម្ពុជា រដ្ឋាភិបាលបានផ្ដល់ឱកាស និងលទ្ធភាព ដោយស្មើមុខស្មើមាត់ ដូចប្រជាពលរដ្ឋទូទៅ។ សហគមន៍ឥស្លាមកម្ពុជា មានឱកាសចូលរួមបម្រើការងារ នៅស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងក្នុងជួររដ្ឋាភិបាល ចាប់ពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់មូលដ្ឋានជាច្រើនរូប។

ក្នុងឆ្នាំ២០១៥ រាជរដ្ឋាភិបាលក៏បានផ្តល់ជូនសហគមន៍ឥស្លាមកម្ពុជានូវគ្រូក្របខ័ណ្ឌរដ្ឋ និងគ្រូជាប់កិច្ចសន្យា ចំនួន១,៦៧៨នាក់ ហើយនៅពេលថ្មីៗនេះទៀត ក៏រដ្ឋាភិបាលកម្ពុជា បានផ្ដល់ជូនដល់បងប្អូនមុស្លិមបានធ្វើជាអភិបាលរង រាជធានី-ខេត្ត១២ ចំនួន១២រូប និងជាអភិបាលរង ក្រុង ស្រុក ខណ្ឌ៥០ ចំនួន៥០រូប ថែមទៀតផងដែរ។

ជាមួយគ្នានោះ លោកបណ្ឌិត បានស្នើដល់រដ្ឋាភិបាលអាល់ហ្សេរី សូមផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងគោលបំណងដើម្បីផ្ដល់ឱកាសឲ្យយុវជនជំនាន់ក្រោយមានឱកាសកាន់តែទូលំទូលាយ ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន និងមានលទ្ធភាពខ្ពស់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

ជាកិច្ចឆ្លើយតប លោក Abdelhamid Boubazine បានសន្យាថា ក្នុងនាមជាឯកអគ្គរដ្ឋទូត នៃប្រទេសអាល់ហ្សេរី ប្រចាំនៅកម្ពុជា នឹងខិតខំឲ្យអស់ពីលទ្ធភាព ដើម្បីពង្រឹង និងពង្រីក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា-អាល់ហ្សេរី។

ឯកអគ្គរដ្ឋទូតបានបន្តថា លោកសូមគាំទ្រនូវរាល់សំណើទាំងអស់ ពីភាគីកម្ពុជា ទាក់ទងនឹងការអភិវឌ្ឍសហគមន៍ឥស្លាមកម្ពុជា។ លោកបានកោតសរសើរចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងដឹកនាំប្រទេសទទួលបានសុខសន្តិភាព គ្មានអំពើហិង្សា គ្មានការរើសអើង មានការរីកចម្រើន ដែលជាគំរូល្អសម្រាប់ពិភពលោកទាំងមូល។

សូមជម្រាបថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងអាល់ហ្សេរី មានតាំងពីឆ្នាំ ១៩៦២មកម្ល៉េះ។ ហើយកាលពីអំឡុងឆ្នាំ១៩៧៣ សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់យាងទៅបំពេញព្រះរាជទស្សនកិច្ច ទៅប្រទេសអាល់ហ្សេរីផងដែរ៕