(កំពង់ធំ)៖ មន្រ្តីកាំកុងត្រូល សាខាខេត្តកំពង់ធំ ដឹកនាំដោយលោក លៀង សុភា សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម មន្ទីរឧស្សាហកម្ម រួមនិងអាជ្ញាធរមួលដ្ឋាន បានចុះត្រួតពិនិត្យទំនិញ នៅផ្សារថ្នល់បំបែក ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានបញ្ជាក់ថា គោលបំណងនៃការចុះត្រួតពិនិត្យនេះ មន្រ្ដីជំនាញបានយកចិត្ត ទុកដាក់ទៅលើផលិតផល ទំនិញម្ហូបអាហារ ភេសជ្ជៈ គ្រឿងឧបភាគបរិភោគ បន្លែ ផ្លែឈើ ដែលអាជីវករ កំពុងដាក់តាំងលក់នៅតាមតូប ដើម្បីទទួលបាននូវ ម្ហូបអាហារ ប្រកបដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាព។

លោកបានអះអាងថា តាមរយៈការចុះត្រួតពិនិត្យ នៅទីផ្សារថ្នល់បំបែកនេះ កម្លាំងចម្រុះរបស់លោក បានរកឃើញទំនិញខូចគុណ ដូចជា ទឹកក្រូចកូកាកូឡា ចំណុះ១,២៥លីត្រ ចំនួន៧ដប ហួសកាលបរិច្ឆេទ ខូចគុណភាពផលិតនៅប្រទេសថៃ ទឹកក្រូចម៉ាកហ្វាន់តា ចំណុះ១,២៥លីត្រ ចំនួន៤ដប ផលិតនៅប្រទេសថៃ ហួសកាលបរិច្ឆេទខូចគុណភាព, ទឹកដោះគោ MALI ចំនួន២កំប៉ុង ខូចគុណភាព ផលិតនៅប្រទេសថៃ។

លោក លៀង សុភា បានបន្តថា ក្រោយពិនិត្យរកឃើញទំនិញខូចគុណភាព នៅផ្សារថ្នល់បំបែករួចមក នៅរសៀលថ្ងៃដដែលកម្លាំងចម្រុះ របស់លោក ក៏បានចុះទៅពិនិត្យឃ្លាំងផលិតទឹកបរិសុទ្ធ និងទឹកក្រូច ម៉ាក UV  ដែលមានទីតាំងនៅស្រុកស្ទឹងសែន ។

លោកបានបន្តថា នៅពេលចុះពិនិត្យនោះ កម្លាំងជំនាញ បានរកឃើញទំនិញមិនសមស្របដូចជា ទឹកក្រូច ម៉ាក OXY មានលក្ខណៈមិន សមស្រប ដែលដាក់តាំងលក់នៅលើទីផ្សារ គ្មានកាលបរិច្ឆេទត្រឹមត្រូវ និងគ្មានស្លាក សញ្ញាត្រឹមត្រូវនិងអាស្រ័យដ្ឋានពិតប្រាកដដោយក្នុង ដកហូតបាន ទឹកក្រូច ម៉ាក OXY ចំណុះ០,៥លីត្រ ចំនួន៧៥យួរ  ក្នុងមួយយួរមាន១២ដប ទឹកក្រូច ម៉ាក OXY ចំណុះ១,២៥លីត្រ ចំនួន៤៨យួរ ក្នុងមួយមាន៦ដប ទឹកក្រូច ម៉ាក OXY ចំណុះ២លីត្រ ចំនួន១៩យួរ ក្នុងមួយយួរមានចំនួន៦ដប។

លោក លៀង សុភា បានឲ្យដឹងថា ក្រោយពីដកហូតទំនិញខូចគុណភាពទាំងនេះរួច កម្លាំងចម្រុះបានប្រគល់ ទៅខាងមន្ទីរឧស្សាហកម្ម និងដើម្បីពិនិត្យ និងយកទៅកំទេចចោល។ ដោយឡែកឃ្លាំងផលិតទឹកបរិសុទ្ធ និងទឹកក្រូច ម៉ាក UV ត្រូវបានបិទជាបណ្តោះអាសន្ន ដោយមានការឯកភាពពីព្រះរាជអាជ្ញារង ខេត្តកំពង់ធំ លោក សាយ ណូរ៉ា និងលោកអភិបាលរងខេត្តប្រាក់ សារ៉ាត់។

លោក លៀង សុភា បានឱ្យដឹងថា ការចុះពិនិត្យនេះ គឺមន្រ្តីជំនាញ បានធ្វើការចុះត្រួតពិនិត្យ ជាប្រចាំទៅតាមការណែនាំពី អគ្គនាយក កាំកុងត្រូលដើម្បីទប់ស្កាត់ ឱ្យបានទាន់ពេលវេលា នូវការធ្វើចរាចរចែកចាយ លក់ដូរផលិតផល ម្ហូបអាហារគ្មានអនាម័យទំនិញខូច គុណភាព។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវ ដល់អាជីវករអ្នកលក់ដូរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរនិងទិញទំនិញ ម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាព អ្នកប្រើប្រាស់ ៕