(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សកាន់អំណាចបានដាក់ចេញនូវយុទ្ធសាស្ត្របំផ្លាញគ្រាប់មីនឱ្យអស់ នៅឆ្នាំ២០២៥ ខាងមុខនេះ។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីបើកការដ្ឋាន កែលំអរផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅកំពត នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ។

«ថ្ងៃមុន គណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា រៀបចំយុត្តិសាស្ត្រ ក្នុងនោះយើងដាក់​ចេញនូវយុទ្ធសាស្ត្រមួយ គឺបំផ្លាញចោលគ្រាប់មីនឱ្យបាន នៅក្នុងឆ្នាំ២០២៥ ដែលជាយុទ្ធសាស្ត្រសម្រាប់ដឹកនាំប្រទេសឆ្នាំ២០២៣-២០២៨ នៅក្នុងខែមករា ខាងមុខនេះ គណបក្សប្រជាជននឹងបើកមហាសន្និបាតនូវមាគ៌ាគោលនយោបាយរបស់ខ្លួន សម្រាប់អាណត្តិបន្ត»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលដែលគណបក្សប្រជាជនកម្ពុជាកាន់អំណាចគឺសន្តិភាពកំពុងកើតមានគ្រប់កន្លែង។ តំបន់ដែលធ្លាប់ច្បាំងគ្នា ពេលនេះក្លាយទៅជាតំបន់ទេសចរណ៍ និងអភិវឌ្ឍ។

សម្តេចបានលើកឡើងដែរថា «ខ្ញុំកំពុងតែពន្លឿននៃការរុញដោះមីន ដែលនៅសេសសល់ សូម្បីតែជួបជាមួយរដ្ឋមន្ត្រីការពារជាតិរបស់ចិន ក្រៅពីជំនួយរដ្ឋាភិបាលចិនដែលបានដោះមីន ខ្ញុំក៏សុំស្នើកងទ័ពចិនឱ្យជួយមកដល់កងទ័ពកម្ពុជា ដើម្បីបំផ្លាញចោលការដោះមីន ធ្វើម៉េចឱ្យអស់មីននៅឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីគ្រោះថ្នាក់សម្រាប់ប្រជាជនយើងផង និងដើម្បីផ្តល់ដីសុវត្ថិភាពសម្រាប់ប្រជាជនបង្កបង្កើនផល»

សម្តេចបានអះអាងថា នេះជាគោលដៅមួយបន្ទាប់ពីសម្តេចបានអនុវត្តនយោបាយឈ្នះឈ្នះ។ កន្លងទៅសម្តេចដាក់ចេញគោលដៅ២ចំណុចធំៗ គឺគោលដៅទី១ ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឱ្យក្លាយជាតំបន់អភិវឌ្ឍ និងគោលដៅទី២ គឺប្រែក្លាយខ្សែព្រំដែនជាមួយប្រទែសជិតខាង ឱ្យក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

នៅតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាង ទោះបីជាមិនទាន់ដា​ច់ស្រេចទាំងអស់ ប៉ុន្តែសម្តេចបានកត់សម្គាល់ថា តំបន់ព្រំដែនទាំងនោះក៏បានក្លាយទៅជាកន្លែងដោះដូរទំនិញរួចទៅហើយពេលនេះ ដែលនេះជាការខិតខំរបស់យើង៕