(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើជាអធិបតីភាព ក្នុងពិធីទទួលជ័យលាភីពានរង្វាន់ជា «សមាជិកកិត្តិយស នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប» ដែលកម្ពុជាជាប់ជាគោល​ដៅទេសចរណ៍​ល្អ​បំផុត លើពិភពលោកសម្រាប់ឆ្នាំ២០១៦ ដែលនឹងប្រគល់ដោយ ក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មសហភាពអឺរ៉ុប នៅវិមានសន្តិភាព។

Fresh News នឹងធ្វើការផ្សាយផ្ទាល់ ពីកម្មវិធីនេះ ចេញពីវិមានសន្តិភាព។

សូមជម្រាបថា គណៈប្រតិភូក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មសហភាពអឺរ៉ុប ដឹកនាំដោយលោក Anton Caragea ប្រធានក្រុមប្រឹក្សាភិបាល បានមកដល់រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ក្នុងទឹកដីអង្គរខេត្តសៀមរាប និងធ្វើទស្សនៈកិច្ចនៅរាជធានីភ្នំពេញ រយៈពេល៥ថ្ងៃទៀត ចាប់ពីថ្ងៃទី១៩-២៣ ខែមិថុនា ឆ្នាំ២០១៦ ក្នុងគោលបំណងដើម្បីផ្តល់ជ័យលាភីពានរង្វាន់ «កម្ពុជាជាគោលដៅទេសចរណ៍ ល្អបំផុតលើពិភពលោក សម្រាប់ឆ្នាំ២០១៦» ជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងប្រកាសទទួល​ស្គាល់ «កម្ពុជាជាគោលដៅវប្បធម៌ ពេញនិយមសម្រាប់ឆ្នាំ២០១៦» ផងដែរ៕