(ភ្នំពេញ)៖ បន្ទាប់ពីមានដំណឹង ដ៏រសើបបានផ្ទុះឡើងថា តារាចម្រៀង និងជាគ្រូបង្វឹកក្នុងកម្មវិធី​ «The Voice Cambodia» រដូវកាល​ទី២ អ្នកនាង ពេជ្រ សោភា សម្រេចចិត្តដើរចេញ ពីផលិតកម្មហង្សមាស ក្រោយពីបញ្ចប់កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក របស់ស្ថានីយទូរទស្ស​ន៍​​​​ហង្សមាស​រួចមក បានធ្វើឲ្យមហាជន កើតជាចម្ងល់ថា តើមានមូលហេតុអ្វី​បានជា ពេជ្រ សោភា ត្រូវដើរចេញពី ហង្សមាស ? តើព័ត៌មាននេះ អាចក្លាយជាការ​ពិតកម្រិតណាដែរ? ជុំវិញដំណឹង​ដ៏រសើប​​នេះ តារាចម្រៀង ពេ​ជ្រ សោភា បានព្រលយប្រាប់​មហាជនថា សូមឲ្យទស្សនិកជន រង់ចាំមើលវត្តមានរបស់នាងសិន គឺចាប់ពីខែសីហា ឆ្នាំ២០១៦នេះ ប្រសិនបើមិនឃើញនាង ឡើងសម្ដែង ឬច្រៀងនៅលើឆាកតន្រ្តីទេ នោះមានន័យថា គឺនាងនឹងឈប់ពីសិល្បៈ ទាំងស្រុងតែម្ដង។

ជាការពិត ក្រោយពីបញ្ចប់កម្មវិធី «The Voice Ca​m​bodia» មិនទាន់ទាំងបានមួយសប្ដាហ៍ផង ថ្មីៗនេះ មាន​បណ្តាសារព័ត៌មានក្នុងស្រុក មួយចំនួ​ន ​បានដាក់ការចាប់អារម្មណ៍ខ្លាំង ពីដំណឹងនៃការ​សម្រេច​ចា​ក​​ចេញពីផលិតកម្ម ហង្សមាស របស់តារាស្រី អ្នកនាង ពេជ្រ សោភា ដូចដែលនាងធ្លាប់ប្រកាស​កន្លងមកថា ឲ្យតែបំពេញភារកិច្ចជាគ្រូបង្វឹក ក្នុងកម្មវិធី «The Voice» រដូវកាលទី២ ចប់ពេលណា​នាងនឹងត្រូវដើរ ចេញពីហង្សមាស។

ថ្វីត្បិតតែមានការលើកឡើងដូច្នោះ ​រហូតមកទល់ពេលនេះ ពោលគឺបន្ទាប់ពីកម្មវិធី «The Voice Ca​m​bodia» រដូវកាលទី២​បានបញ្ចប់ទៅ រយៈពេល២ថ្ងៃរួចមកហើយ ពុំទាន់មានប្រភពជាក់​លា​​ក់ណាមួយ បញ្ជាក់ច្បាស់នៅឡើយទេថា តើតារាស្រីអ្នកនាង ពេជ្រ សោភា ពិតជាដើរ​ចេ​ញពី​ហង្សមាស ឬមួយយ៉ាងណា​ ខណៈទស្សនិកជនជាច្រើន កំពុងតែទន្ទឹងរង់ចាំអ៊ុតមើលចម្លើយពិត ដូចគ្នា។

ឆ្លើយតបទៅនឹងសំណួរ លើកឡើងខាងលើនេះ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ​ តា​រា​ចម្រៀងស្រី និងជាគ្រូបង្ហាត់ក្នុងកម្មវិធី «The Voice Ca​m​bodia» រដូវកាលទី២ កញ្ញា ពេជ្រ សោ​ភា បានថ្លែងប្រាប់ Fresh News តាមទូរស័ព្ទថា «​ដូចដែលខ្ញុំបានសរសេរ នៅលើ​ហ្វេ​សប៊ុក កា​លពីថ្មីៗនេះថា ការងាររបស់ខ្ញុំត្រូវបានបញ្ចប់ហើយ។ ប៉ុន្តែ​មិនមែនមានន័យថា ខ្ញុំ​ឈប់ពីហង្ស​មា​ស​ទេ ប្រសិនជាឈប់ គឺខ្ញុំឈប់ពីសិល្បៈតែម្តង!»។

តារាចម្រៀងស្រីដែលតែងទទួល បានការគាំទ្រពីទស្សនិកជន​អ្នកនាង ពេជ្រ សោភា បាន​ប​ញ្ជាក់​ថា« ខ្ញុំដូចជាមានអារម្មណ៍ធុញ​ថប់ខ្លាំង ណាស់ អំឡុងមួយរយៈពេលចុងក្រោយនេះ។ ​ម្យ៉ាងបើសិនខ្ញុំឈប់ពីសិល្បៈមែននោះ គឺចង់ទៅកន្លែងដែលឆ្ងាយ និងមានភាពស្ងប់ស្ងាត់ តែបញ្ហា​ដែលសំខាន់ ពេលនេះខ្ញុំមិនទាន់​គិតអ្វីច្រើនទេ គ្រាន់តែចង់ប្រាប់ថា ចាប់ពីខែ៨ (សី​ហា) ​រហូ​តដល់បំ​ណា​ច់​ឆ្នាំ២០១៦នេះ ប្រសិនជា បាត់មុខខ្ញុំ មិនឃើញឡើង​ច្រៀងលើ​ឆាក​តន្រ្តីនានា​នោះទេ ​គឺ​បាន​ន័យថា ខ្ញុំ​ឈប់ពីសិល្បៈ​តែម្តង!»។

នៅពេលសួរថា បើសិនត្រូវឈប់ពីសិល្បៈដូច្នេះមែន តើ ពេជ្រ សោភា អត់សោក​ស្តាយនូ​វ​ស្នា​​​​ដៃ ដែលខ្លួនខំប្រឹងទម្រាំទទួល​បានជោគជ័យ ដូចសព្វថ្ងៃនេះទេ ឬយ៉ាងណា ? ឆ្លើយសំណួរនេះ ​ត្រូ​វបានអ្នកនាង ពេជ្រ សោភា បញ្ជាក់បន្ថែមថា «ស្តាយនោះគឺខ្ញុំពិតជាស្តាយណាស់ទៅ​ហើយ តែ​​ធ្វើម៉េច បើពេលវេលាជា​អ្នកបង្ខំខ្ញុំ។ ប៉ុន្តែក៏មិនទាន់​ប្រាកដថា ខ្ញុំត្រូវឈប់១០០ភាគ​រយដែរ តែអ​ត្រា​នៃការឈប់នោះគឺមានភាគរយ ច្រើនជាង នៅបន្តសិល្បៈ !»