(ភ្នំពេញ)៖ លោក ធឹម ស អាន អភិបាលខណ្ឌព្រែកព្នៅ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវកាសេវាណាមួយ សូមបងប្អូនអញ្ជើញទៅការិយាល័យច្រកចេញចូលតែមួយដោយផ្ទាល់ខ្លួនឯង ដើម្បីទទួលសេវា សូមបងប្អូនកុំពឹងគេ បើកាលណាបងប្អូនពឹងគេ គេយកលុយ ហើយបងប្អូនចេះតែដាក់បន្ទុកមកលើអាជ្ញាធរ ស្នើសុំលុបបំបាត់ អ្នកកណ្តាល យើងអត់ត្រូវការអ្នកកណ្តាលទេ។ យើងអ្នកផ្តល់សេវា យើងត្រូវការជួបអ្នកដែល មកទទួលសេវា ប្រជាពលរដ្ឋ ដែលជាអ្នកត្រូវការសេវា ភ្នាក់ងាររបស់រដ្ឋជាអ្នកផ្តល់សេវា។

អភិបាលខណ្ឌច្បារព្រែកព្នៅ ថ្លែងអំពាវនាវបែបនេះនៅក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងសរសៃដែក ប្រវែង ២.២០០ម៉ែត្រ ឆ្លងកាត់ភូមិ ចំនួន ០៤ គឺភូមិទួលពន្យាំង ភូមិព្រៃស្នូល ភូមិតាស្គរ និងភូមិត្នោតខ្ពស់ ស្ថិតក្នុងសង្កាត់ពន្សាំង នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ ស្ថិតក្នុងបរិយាកាសដ៏សប្បាយរីករាយ។

ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងសរសៃ ដែកដែលជាចំណងដៃពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើឡើងក្រោមវត្តមានលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ, អភិបាលរងខណ្ឌលោក ហួរ ហួត និងលោក ជា វិរៈ ព្រមទាំងមន្ត្រីជំនាញ និងមានការចូលរួមពីប្រជាពលរដ្ឋជាង២០០នាក់។

លោកបញ្ជាក់ថា «នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់សង្កាត់ពន្សាំង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក ឃួង ស្រេង ជានិច្ចកាល លោកតែងគិតគូរខ្លាំងណាស់ចំពោះសុខទុក្ខរបស់ប្រជាជន។ លោកអភិបាលរាជធានី តែងជំរុញដំណើរការអភិវឌ្ឍមូលដ្ឋានជាប់ជាប្រចាំ រួមមាន ការស្ថាបនាផ្លូវថ្មី ឬជួសជុល ឡើងវិញផ្លូវដែលខូចខាត ដូចជាផ្លូវដែលយើងកំពុងបើកការដ្ឋាននេះជាដើម រួមទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសំខាន់ៗដទៃទៀត»

លោក ធឹម សំអាន បញ្ជាក់ថា សង្កាត់ពន្សាំងជាសង្កាត់មួយ ដែលមានភាពលេចធ្លោលើការងារអភិវឌ្ឍន៍មូលដ្ឋាន និងការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ទទួលបានការគាំទ្រ និងបានឆក់យកបេះដូងរបស់ប្រជាពលរដ្ឋ តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ ថ្នាក់ដឹកនាំភូមិ មណ្ឌលសុខភាព នគរបាលប៉ុស្តិ៍រដ្ឋបាល និងលោកគ្រូ-អ្នកគ្រូ ក្នុងរក្សាសន្តិសុខសុវត្ថិភាព ការផ្តល់សេវាលឿនរហ័ស ប្រកបដោយតម្លាភាព ទាំងសេវាសំណូមពរ និងសេវាតម្រូវការ ការបន្តអភិវឌ្ឍន៍ឥតឈប់ឈរគ្រប់ភូមិ ព្រមទាំងការស្ថិតនៅជាប់កៀកកិត ដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាគុណតម្លៃស្នូលរបស់មន្ត្រីយើង ក្នុងនាមជាអ្នកបម្រើរបស់រាស្ត្រ សង្កាត់ពន្សំ ជាសង្កាត់ដែលមានសក្តានុពលខ្ពស់សម្រាប់ទាក់ទាញ ការវិនិយោគ នាពេលបច្ចុប្បន្ន និងទៅអនាគត អាស្រ័យដោយទីតាំងភូមិសាស្ត្រអំណោយផលល្អ មានផ្ទៃដីធំទូលាយ និងមានផ្លូវខ្វាត់ខ្វែងច្រើនខ្សែ ពិសេសផ្លូវបេតុង និងបណ្ដាញអគ្គិសនី សមស្របសម្រាប់ សាងសង់បុរីលំនៅដ្ឋាន រមណីយដ្ឋាន ទីសម្រាកលំហែ និងរោងចក្រជាដើម»។

កំណាត់ផ្លូវប្រវែង ២,២០០ម៉ែត្រ ដែលត្រូវបើកការដ្ឋានជួសជុលទៅជាផ្លូវបេតុងសរសៃដែក នាពេលនេះ គឺជាឆ្លើយតប ទៅនឹងសំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងភូមិទាំង ០៤ ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ។ ឆ្លៀតឱកាសនេះ លោក ធឹម សំអាន ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសង្ខាងផ្លូវនេះ ចំពោះការចូលរួមសហការជាមួយអាជ្ញាធរ និងសំណូមពររួមគ្នាថែរក្សាផ្លូវ ឲ្យបានល្អ និងសូមផ្តាំផ្ញើដល់អ្នកបច្ចេកទេស សូមយកចិត្តទុកដាក់ធ្វើផ្លូវឲ្យល្អ និងមានគុណភាព អាចប្រើប្រាស់បានយូរ។

លោកថា «កាលពីសប្តាហ៍មុន ក្រោមការសម្របសម្រួលរបស់ខ្ញុំ ខ្ញុំបានដឹកនាំបើកផ្លូវទទឹង ១២ម៉ែត បណ្តោយ ១,០០០ម៉ែត្រ នៅភូមិបឹងវ្នំ ប្រកបដោយជោគជ័យ ហើយបច្ចុប្បន្នបានស្ថាបនារួចរាល់ហើយ ជាប្រភេទផ្លូវក្រាលថ្មបាតរណ្តៅ និងចាក់ដីកិនបង្ហាប់ ដោយមានការស្ម័គ្រចិត្តបរិចាគដីជាប់ផ្លូវ និងមាន សប្បុរសជនជួយកសាងផ្លូវ។ នេះជាការចូលរួមដ៏ល្អរបស់ប្រជាពលរដ្ឋសង្កាត់ពន្សាងយើង ក្នុងដំណើរការ អភិវឌ្ឍមូលដ្ឋានយើង»

ក្នុងរយៈពេលនៃការចូលកាន់តំណែងជាង ៣ខែកន្លងមកនេះ លោកបានដឹកនាំអភិបាលរងខណ្ឌ មន្ត្រីសាលាខណ្ឌ សង្កាត់ ការិយាល័យជំនាញជុំវិញខណ្ឌ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ សម្រេចបាន សមិទ្ធផលមួយចំនួនធំ ដូចជាការពង្រឹងការងារសន្តិសុខ ការបង្ក្រាបល្បែងស៊ីសង ការគ្រប់គ្រងជនបរទេស ការស្ថាបនាផ្លូវថ្មី ការជួសជុលផ្លូវចាស់ៗ ការកែលម្អសោភ័ណ្ឌភាពសាលាខណ្ឌ ការលាងសម្អាតដងផ្លូវ កុំឲ្យដីហុយ ការបំពាក់ភ្លើងសូឡា ការចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនរងគ្រោះទឹកជំនន់ ចាស់ជរា អ្នកក្រីក្រ និងសិស្សានុសិស្សតាមសាលាជាដើម។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌបានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរខណ្ឌក្នុងការផ្តល់ពត៍មានផ្សេងៗពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងមូលដ្ឋាន ជាពិសេសមុនសញ្ញាមិនបទល្មើស ដែលបង្កជាអសន្តិសុខសង្គម។ រាល់ការផ្តល់ព័ត៌មានរបស់បងប្អូន អាជ្ញាធរនិងរក្សាការសម្ងាត់ជូន ហើយក៍មានន័យថាបងប្អូនបានចូលរួមជាមួយអាជ្ញាធរក្នុងការអនុវត្ត គោលនយោបាយ (ភូមិ សង្កាត់ មានសុវត្ថិភាព) អោយមានប្រសិទ្ធភាព៕