(ភ្នំពេញ)៖ លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានផ្ដល់អនុសាសន៍ណែនាំដល់អាចារ្យ-អាចារិនីទាំងអស់នៅទូទាំងប្រទេស ត្រូវសហការជាមួយគណៈសង្ឃនៅតាមទីវត្តអារាម និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចូលរួមទប់ស្កាត់សកម្មភាពនានាដែលយកសាសនាធ្វើអាជីវកម្ម បណ្តាលឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

ការណែនាំនេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៧ ចំនួន១,០០០នាក់ មកតាមបណ្តាលរាជធានី-ខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំតាមបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ មន្ទីរធម្មការ និងសាសនាតាមបណ្តារាជធានី-ខេត្ត នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

នាឱកាសនោះ លោករដ្ឋមន្រ្តី ឈិត សុខុន បានចូលរួមចំណែកផ្តល់ជូននូវអនុសាសន៍មួយចំនួន ដើម្បីចូលរួមលើកកម្ពស់ពង្រឹងការប្រតិបត្តិនូវជំនឿសាសនា កិច្ចប្រតិបត្តិតាមលំអាន ប្រពៃណី ទំនៀមទម្លាប់ខ្មែរឱ្យបានគត់មត់ ពូនផ្តុំកម្លាំងអាចារ្យ អាចារិនី លើកស្ទួយតម្លៃវប្បធម៌ ប្រពៃណីសាសនាជាតិឱ្យនៅគង់វង្សស្ថិតស្ថិរដរាបតទៅក្នុងចរន្តសាកលភាវូបនីយកម្ម និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបានណែនាំឱ្យអាចារ្យ-អាចារិនីទាំងអស់ ចូលរួមសហការឱ្យបានជិតស្និទ្ធជាមួយគណៈសង្ឃវត្ត ដើម្បីជួយរៀបចំកែលម្អទីវត្តអារាមឱ្យមានសោភ័ណភាពស្អាត មានបរិស្ថានល្អ ស័ក្តិសម ជាទីរមណីយដ្ឋាន និងជាទីគោរពសក្ការៈ។

លោកថ្លែងថា «ពិសេសត្រូវអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ ចូលរួមទប់ស្កាត់នូវរាល់សកម្មភាពនានាតាមរូបភាពយកសាសនាធ្វើអាជីវកម្ម បណ្តាលឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ»។

លោកបានបន្តណែនាំដល់អាចារ្យ-អាចារិនីខ្មែរត្រូវមានសាមគ្គីភាពល្អជាមួយពុទ្ធបរិស័ទ គណៈសង្ឃ និងអាជ្ញាធរមូលដ្ឋាន ហើយប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់ខ្លួន បំពេញភារកិច្ច ដើម្បីបម្រើពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ដោយស្មោះត្រង់ ថែរក្សាប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ រួមចំណែកផ្តល់ការអប់រំដើម្បីយល់ដឹងពីគុណវិបត្តិនៃការប្រើប្រាស់គ្រឿងញៀនអំពើហិង្សាក្នុងគ្រួសារ មេរោគអេដស៍ ជំងឺអេដស៍ឱ្យយល់ដឹងពីការថែរក្សាទារកក្នុងផ្ទៃ ចេះចិញ្ចឹមបីបាច់ថែរក្សាកូនដោយវិជ្ជមាន ព្រមទាំងចេះគោរពច្បាប់ចរាចរណ៍ជាដើម។

លោកបានបន្ថែមថា អាចារ្យ-អាចារិនីដែលបានសិក្សារៀនសូត្រវគ្គបណ្តុះបណ្តាលត្រូវប្រកាន់ខ្ជាប់ តួនាទី ភារកិច្ច និងក្រមសីលធម៌ ជៀសវាងការមានអំនួត មានតែឯង ត្រូវចេះសហការជាមួយនឹងព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត ទោះក្នុងវត្តអារាម ឬតាមបណ្តាពិធីនានាត្រូវមានភាព ឈ្លាសវៃក្នុងការរកនីតិវិធីដោះសា្រយ សម្របសម្រួលគ្រប់តម្រូវការរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន។

លោកបន្តទៀតថា អាចារ្យ-អាចារិនីត្រូវបន្តបង្កើនចំណេះដឹង ខិតខំស្រាវជ្រាវគម្ពីរដីកា ក្បួនតម្រា របៀបមង្គលនិងពិធីបុណ្យផ្សេងៗ ពិសេសយកគោលការណ៍រួមដែលបានសិក្សាកន្លងមក យកទៅអនុវត្តនិងផ្សព្វផ្សាយនៅមូលដ្ឋានឱ្យបានកាន់តែទូលំទូលាយ។

លោក ឈិត សុខុន បានណែនាំបន្ថែមថា អាចារ្យ-អាចារិនីមិនត្រូវប្រកាន់បក្សពួក រើសអើងវណ្ណៈ ដែលជាអំពើខ្វះគុណធម៌ ហើយបង្កឱ្យមានវិវាទ ឬអធិករណ៍កើតឡើងក្នុងវត្ត ឬក្នុងសហគមន៍។

លោករដ្ឋមន្ត្រីបានអំពាវនាវសូមឱ្យអាចារ្យ-អាចារិនីខិតខំរួមចំណែកអនុវត្ត តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ទាក់ទងទៅនឹងវិស័យសាសនា ប្រពៃណីទំនៀមទម្លាប់ និងស្វែងយល់ពីការវិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ ដោយយកទៅអប់រំ និងបន្តផ្សព្វផ្សាយដល់ពុទ្ធបរិស័ទនៅគ្រប់មជ្ឈដ្ឋាន។

លោកបន្តអំពាវនាវសូមលោកអាចារ្យ-អាចារិនីប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវសប្បុរសធម៌ទាំង៧យ៉ាង គឺភាពជាអ្នកស្គាល់ហេតុ ភាពជាអ្នកស្គាល់ផល ភាពជាអ្នកស្គាល់ខ្លួន ភាពជាអ្នកស្គាល់ប្រមាណ ភាពជាអ្នកស្គាល់ពេលវេលា ភាពជាអ្នកស្គាល់បរិស័ទ និងភាពជាអ្នកស្គាល់បុគ្គល ដើម្បីឱ្យសក្តិសមជាព្រឹទ្ធាចារ្យ ដែលមានបទពិសោធន៍ និងចំណេះដឹងប្រចាំភូមិ ឃុំ ស្រុក ក្រុង ខេត្ត រាជធានី និងតំបន់។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ឈិត សុខុន ក៏បានណែនាំបន្ថែមដល់អាចារ្យ-អាចារិនីត្រូវចេះពន្យល់ណែនាំអំពីអត្ថន័យក្នុងកិច្ចនៃពិធីកម្មនីមួយៗឱ្យបានច្បាស់លាស់ ហើយដឹកនាំពុទ្ធបរិស័ទ និងមហាជនឱ្យមានសទ្ធាក្នុងព្រះពុទ្ធសាសនា ឱ្យចេះស្រឡាញ់និងថែរក្សានូវកេរមរតកវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិ ឱ្យបានស្ថិតស្ថិរគង់វង្សយូរអង្វែង ជួយទប់ស្កាត់ការហូរចូលនូវវប្បធម៌ពាលាអាវាសែនានា៕