(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានបើកសិក្ខាសាសាតម្រង់ទិសស្ដីពី ការត្រៀមឆ្លើយតបប្រកបដោយប្រសិទ្ធភាព (PER) កម្មវិធីពង្រឹងភាពជាដៃគូផ្ដោតលើការរាតត្បាតជំងឺផ្សេៗ ដែលធ្វើឡើងរយៈពេល២ថ្ងៃទី២១-២១ ខែធ្នូ ឆ្នាំ២០២២ នៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដោយមានការគាំទ្រពីកាកបាទក្រហមហ្វាំងឡង់ ផ្តល់មូលនិធិដោយ DG ECHO តាមរយៈភាពជាដៃគូជាមួយសហព័ន្ធអន្តរជាតិ IFRC។

សិក្ខាសាលានេះបានប្រព្រឹត្ដទៅក្រោមអធិបតីភាពលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីកញ្ញា Dewindra Widiamurti ប្រតិភូកាកបាទក្រហមហ្វាំងឡង់ប្រចាំកម្ពុជា, អ្នកសម្របសម្រួលប្រតិបត្តិការគ្រាអាសន្ននៃកាកបាទក្រហមហ្វាំងឡង់ និងមន្រ្តីកាត់បន្ថយហានីភ័យគ្រោះមហន្តរាយនៃសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមទីក្រុងបាងកក ព្រមទាំងមាន ថ្នាក់ដឹកនាំ និងមន្ត្រីក្នុងទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តគោលដៅចំនួន៤ មានខេត្តកណ្តាល ត្បូងឃ្មុំ បន្ទាយមានជ័យ និងប៉ៃលិន សរុបចំនួន ៣៧នាក់។

ក្នុងសិក្ខាសាលាតម្រង់ទិសនេះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណចំពោះកាកបាទក្រហមហ្វាំងឡង់ ដែលជាដៃគូដ៏យូរអង្វែង ដែលតែងតែឧបត្ថម្ភគាំទ្រនូវសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាំងពីទសវត្សរ៍៩០មកម្លេះ។ 

លោកស្រីអគ្គលេខាធិការរងទី១ បានបន្តថា «ក្រោមការឧបត្ថម្ភរបស់កាកបាទក្រហមហ្វាំងឡង់ តាមរយៈកម្មវិធីពង្រឹងភាពជាដៃគូផ្តោតលើការបង្ការជំងឺរាតត្បាតផ្សេងៗ គឺបានអនុវត្តទៅដល់ភូមិឃុំ ស្របតាមយុទ្ធសាស្ត្ររបស់យើង «សកម្មភាពនៅមូលដ្ឋាន សម្រេចបានសកម្មភាពសកល» ហើយពាក្យស្លោកនេះ មិនមែនសរសេរតែនៅក្នុងយុទ្ធសាស្ត្រទេ គឺអនុវត្តជាក់ស្តែង»

លោកស្រីបានបញ្ជាក់បន្ថែមបន្ទាប់បញ្ចប់សិក្ខាសាលានេះថា មន្ត្រីនៅសាខាគោលដៅ និងបានពង្រឹង សមត្ថភាព ជំនាញ និងយន្តការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងសូមជូនពរ សិក្ខាកាមទាំងអស់ឲ្យមានសុខភាពល្អ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។

ការត្រៀមឆ្លើយតបប្រកបដោយប្រសិទ្ធភាព គឺជាវិធីសាស្រ្ត សម្រាប់សមាគមជាតិ ដើម្បីវាយតម្លៃជាប្រព័ន្ធវាស់វែង និងវិភាគចំណុចខ្លាំង និងចំណុចខ្សោយនៃប្រព័ន្ធឆ្លើយតបរបស់ខ្លួន ដើម្បីចាត់វិធានការដោះស្រាយ។

លើសពីនោះ សិក្ខាសាលានេះ ក្នុងគោលបំណង ដើម្បីផ្តល់ការតម្រង់ទិសដល់ប្រធាននាយកដ្ឋានកាកបាទក្រហមកម្ពុជា រួមមានដំណាក់កាលទាំង៥ ក្នុងការត្រៀមឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងបង្កើនការយល់ដឹងអំពីអភិក្រមនេះ ក្នុងចំណោមភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់សមាគមជាតិ, ធ្វើការសម្រេចចិត្តដែលសមស្របបំផុតសម្រាប់ស្ថានភាព និងតម្រូវការរបស់សមាគមជាតិ និងដើម្បីភ្ជាប់អភិក្រមខាងលើនេះ ជាមួយកម្មវិធី ECHO-PPP ជាពិសេសផ្នែកសុខភាព៕