(កណ្តាល)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តកណ្តាល ដែលជាខេត្តទី៣ ក្នុងចំណោម ២៥រាជធានីខេត្ត ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ពោលគឺមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ គិតត្រឹមនៅឆ្នាំ២០២២នេះ។

ពិធីនេះប្រកាសទទួលបាននេះដែរបានធ្វើឡើងនៅសាលាខេត្តកណ្តាល ស្របនឹងកម្មវិធីអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ និងដោយមានការចូលរួមពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងមានការចូលរួមពីតំណាងអង្គការវ័តធឺអេត រួមទាំងមានមន្ត្រីជំនាញពាក់ព័ន្ធ និងតំណាងអង្គការជាច្រើនទៀត ចូលរួមផងដែរ។

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងបញ្ជាក់ថា ខេត្តកណ្តាល គឺជាខេត្តទី៣ហើយ ដែលត្រូវបានទទួលស្គាល់ជាខេត្ត ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ស្របទៅតាម រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ដជាតិ ផែនការសកម្មភាពជាតិ និងផែនការសកម្មភាពខេត្ត ដើម្បីសម្រេចឲ្យបានគោលដៅ អភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពគឺ «នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប នៅតាមសហគមន៍ជនបទ មានលទ្ធភាពទទួលសេវាផ្តត់ផ្គង់ទឹកស្អាត និងការរស់នៅ ក្នុងបរិស្ថាន ដែលមានអនាម័យល្អ ប្រកបដោយនិរន្តរភាព»។

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបន្ថែមថានៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១៩-២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺបានគ្រោងខេត្តចំនួន៥ខេត្ត ដើម្បីជំរុញជាខេត្ត ODF រួមមាន៖ ១. ខេត្តស្វាយរៀង ២. ខេត្តកំពង់ស្ពឺ ៣. ខេត្តព្រៃវែង ៤. ខេត្តកំពង់ឆ្នាំង ៥. ខេត្តកែប។ ប៉ុន្តែបច្ចុប្បន្ននៅឆ្នាំ២០២២នេះ ខេត្តដែលសម្រេចបានការ បញ្ចប់បន្ទោបង់ពាសវាលពាសកាល(ODF) ហើយដែលបានប្រកាសទទួលស្គាល់ជាផ្លូវការរួចមានចំនួន ៣ខេត្ត មានខេត្តស្វាយរៀង និងខេត្តព្រៃវែង និងខេត្តកណ្តាល។

លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ដែរថា វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាតម្រូវការចាំបាច់សម្រាប់ ប្រជាពលរដ្ឋខ្មែរ ហើយវិស័យនេះក៏ជាអាទិភាពមួយក្នុងចំណោមវិស័យជាអាទិភាពផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាក់ស្តែងគោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០០ ដែលមានទស្សនៈវិស័យកំណត់ថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប នៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់ក្នុងបរិស្ថានដែលមាន អនាម័យប្រកបដោយនិរន្តរភាព។

ដូច្នេះហើយដើម្បីឆ្លើយតបទៅនឹងគោលនយោបាយខាងលើនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានបង្កើតឡើងនូវផែនការយុទ្ធសាស្រ្ត ក៏ដូចគោលការណ៍ណែនាំនានាដូចជា ផែនការយុទ្ធសាស្រ្តជាតិស្តីពីការផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០១៤-២០២៥ ផែនការសកម្មភាពជាតិ/ខេត្ត ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងងនាម័យជនបទ គោលការណ៍ណែនាំស្តីពីការអនុវត្តកម្មវិធី CLTS គោលការណ៍ណែនាំស្តីពីកម្មវិធីផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យជនបទសម្រាប់ជនពិការ និងមនុស្សចាស់ និងគោលការណ៍ណែនាំស្តីពីអនាម័យក្នុងបរិស្ថាន ប្រឈម និងបានបង្កើតនូវយន្តការសម្របសម្រួលពីថ្នាក់ជាតិ រហូតដល់រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានកោតសរសើរដោយស្មោះ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារទាំងថ្នាក់ជាតិ ថ្នាក់ដឹកនាំខេត្ត ក្រុមការងារបច្ចេក ទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត (PWG) ថ្នាក់ដឹកនាំ មន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ជាពិសេសលោកស្រី ជី ថាវី ប្រធានមន្ទីរជាស្រ្តីឆ្នើមមួយរូប ដែលបានបង្ហាញភាពជាគំរូ «ស្រ្តីធ្វើបាន» និងក្រុមការងារ DWG, CWG អង្គការដៃគូ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្ម ជាមួយនឹងការដាក់ចេញផែនការច្បាស់លាស់ ជាមួយនឹងការពិនិត្យ តាមដាន និងការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទេ ទើបធ្វើឱ្យខេត្តអាចទទួលបានជោគជ័យដូចនេះផងដែរ៕