(លីម៉ា)៖ ប្រធានាធិបតីប៉េរូ លោកស្រី ឌីណា ប៊ូលូអាត (Dina Boluarte) បានដំឡើងឋានន្តរស័ក្តិប្រមុខការពារជាតិរបស់ប្រទេស ឲ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ដែលជាផ្នែកមួយនៃការរុះរើគណៈរដ្ឋមន្ត្រីរយៈពេល ១១ថ្ងៃរបស់លោកស្រី កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២។

លោក អាល់បឺតូ អូតារ៉ូឡា (Alberto Otarola) ជាមេធាវីម្នាក់ដែលធ្លាប់បម្រើការជារដ្ឋមន្ត្រីការពារជាតិ នៃរដ្ឋ Andean ដែលមានប្រទេសបូលីវី កូឡុំប៊ី អេក្វាឌ័រ និងប៉េរូ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី ខណៈសមាជិកចំនួន ៤នាក់ផ្សេងទៀតក្នុងគណៈរដ្ឋមន្ត្រី ត្រូវបានដាក់បញ្ចូល។ រីឯ រដ្ឋមន្ត្រីសេដ្ឋកិច្ច រដ្ឋមន្រ្តីថាមពល និងរ៉ែ នៅរក្សាទុកដដែល។

សមាជិកសភាមួយរូប គឺលោកស្រី ស៉ីហ្រ្គីដ បាហ្សាន់ (Sigrid Bazan) បាននិយាយថា «ដោយគ្មានវិប្បដិសារីណាមួយ ថ្ងៃនេះ លោក អាល់បឺតូ អូតារ៉ូឡា ដែលជាអ្នកនយោបាយដ៏សំខាន់ម្នាក់ ដែលបានទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាជនប៉េរូ ២៦នាក់ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី»។

គួរបញ្ជាក់ថា ការរុះរើគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោកស្រី ប៊ូលូអាត ធ្វើឡើងបន្ទាប់ពីការតវ៉ាក្នុងខែធ្នូនេះ បណ្តាលឲ្យមនុស្សជាង ១០នាក់ស្លាប់។ ក្រុមសិទ្ធិមនុស្ស បានចោទប្រកាន់អាជ្ញាធរប៉េរូថា បានប្រើប្រាស់អាវុធប្រឆាំងនឹងក្រុមបាតុករ ទម្លាក់គ្រាប់បែកផ្សែងចេញពីឧទ្ធម្ភាគចក្រ ប៉ុន្តែកងទ័ពនិយាយថា ក្រុមអ្នកតវ៉ាបានប្រើប្រាស់អាវុធ និងគ្រឿងផ្ទុះដែលផលិតនៅផ្ទះ៕