(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការី រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. បានអញ្ជើញចូលរួមចែករំលែកក្ដីស្រលាញ់ទៅកាន់កុមារ ដែលរស់នៅក្រោមការមើលថែទាំរបស់ អង្គការផ្ទះបាយកុមារ នាឱកាសបុណ្យ ណូអែល (Christmas)។

ជានិច្ចជាកាល លោក ហ៊ុន ម៉ានី តែងតែមកជួបកុមារនៅក្នុងអង្គការផ្ទះបាយកុមារ ២ដង ក្នុងមួយឆ្នាំ ដើម្បីសួរសុខទុក និងនាំយកសម្ភារៈចាំបាច់មួយចំនួនមកឧបត្ថម និងចែកជូនដល់កូនៗ ប្អូនៗនៅអង្គការផ្ទះបាយកុមារ ជាពិសេសបង្កើតនូវបរិយាកាសរីករាយ បង្កើនភាពស្និទ្ធស្នាល ផ្តល់កម្លាំងចិត្តដល់កូនៗ ប្អូនៗនៅអង្គការផ្ទះបាយកុមារ ដែលជាទំពាំងស្នងឬស្សី សម្រាប់អនាគត។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «ថ្ងៃនេះ ប៉ាពិតជាមានសេចក្ដីសោមនោស្សរីករាយជាទីបំផុត ដែលបានមកជួបកូនៗនៅទីនេះសាជាថ្មីម្ដងទៀត និងរីករាយថ្ងៃបុណ្យណូអែល (Merry Christmas)»

លោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់ លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ និងប្អូនៗយុវជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងថែរក្សានូវស្ថេរភាពរបស់អង្គការផ្ទះបាយកុមារ ក៏ដូចជាបណ្ដុះបណ្ដាលប្អូនៗ ឲ្យមានភាពរឹងមាំ លូតលាស់ ធំធាត់បានដោយខ្លួនឯង។

គួរបញ្ជាក់ដែរថា បើទោះបីជា លោកខកខានមិនបានមកជួបកូនៗ និងប្អូនៗ នាពេលកន្លងមក ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែឯកឧត្តម នៅតែបន្តឧបត្ថម្ភគាំទ្រចំពោះប្អូនៗ នៅក្នុងអង្គការផ្ទះបាយកុមារ តាមរយៈការនាំយក អាហារ សម្ភារៈ ចាំបាច់មួយចំនួន មកជូនកូនៗ។

ជាក់ស្ថែងនាព្រឹកនេះ លោកបាននាំយកគ្រឿងឧបត្ថម្ភ អាហារ សម្ភារៈ និងជាពិសេស កាដូ ដើម្បីចែកជូនប្អូនៗ ក្នុងឱកាសបុណ្យ ណូ អែល (Christmas) នេះផងដែរ៕