(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាទ្វេភាគីរវាង រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ជាមួយនឹងលោក ដន ប្រាម៉ាត់វិណៃ រដ្ឋមន្ត្រីការបរទេសថៃ ក្នុងដំណើរទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា ទៅកាន់ទីក្រុងបាងកក ប្រទេសថៃនោះ ប្រទេសទាំងពីរ កម្ពុជា-ថៃ បានពិភាក្សា និងឯកភាពគ្នាជំរុញការតភ្ជាប់គ្នា តាមផ្លូវគោក ផ្លូវដែក ផ្លូវអាកាស និងផ្លូវសមុទ្រ។ នេះបើតាមការសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសកម្ពុជា ដែលទើបចេញផ្សាយនៅ ថ្ងៃទី២១ ខែមិថុនានេះ។

សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស បានបញ្ជាក់ថា ដើម្បីជំរុញការតភ្ជាប់គ្នានោះ ភាគីទាំងពីរ កម្ពុជា និងថៃ បានឯកភាពគ្នាលើកបីចំណុចសំខាន៖

១៖ តាមផ្លូវគោក គឺជំរុញការបើកច្រកអន្តរជាតិស្ទឹងបទ ណងអៀន, លើកកំរិតច្រកត្រួតពិនិត្យ៤កន្លែង ឱ្យទៅជាច្រកអន្តរជាតិ គឺ អានសេះ ភ្នំដី ថ្មដា និងជប់គគី និងជំរុញដំណើរការត្រួតពិនិត្យ ទីតាំងច្រកអូរនាង បានប៉ារាយ ដើម្បីបោសសំអាតមីន និងត្រៀមរៀបចំបើក បន្ទាប់ពីការបើកច្រកស្ទឹងបទ។
២៖ តាមផ្លូវដែក គឺខិតខំធ្វើយ៉ាងណា ដើម្បីដំណើរការដឹកជញ្ជូន ពីបាងកកមកភ្នំពេញនៅចុងឆ្នាំ២០១៦។
៣៖ តាមផ្លូវសមុទ្រ គឺជំរុញគំរោងតភ្ជាប់ឆ្នេរ ថៃ កម្ពុជា វៀតណាម ដើម្បីដំណើរការដឹកជញ្ជូនទេសចរណ៍ និងទំនិញភ្ជាប់ប្រទេសទាំង៣ឲ្យបានឆាប់។

សូមជម្រាបថា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការបរទេសកម្ពុជា ធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃ នៅប្រទេសថៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ តបតាមការអញ្ជើញរបស់ លោក ដន ប្រាម៉ាត់វិណៃ រដ្ឋមន្ត្រីការបរទេសថៃ។ ក្នុងដំណើរទស្សនកិច្ចនោះ លោក ប្រាក់ សុខុន ក៏បានចូលជួបជាមួយ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃផងដែរ៕