(ប៉ៃលិន)៖ លោក អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះជួយខេត្តប៉ៃលិន រៀបចំពិធីស្រាយបួស ខែរ៉ាម៉ាឌន ជូនដល់បងប្អូនខ្មែរឥស្លាម ខេត្តប៉ៃលិន។

នៅល្ងាច ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ លោក អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះជួយខេត្តប៉ៃលិន លោកស្រី អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន រួមនឹងសមាជិក សមាជិកាក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញអបអរសាទរពិធីស្រាយបួស ខែរ៉ាម៉ាឌន ជាមួយបងប្អូនខ្មែរឥស្លាម ខេត្តប៉ៃលិន ទូទាំងខេត្ត សរុបចំនួន៤០០នាក់។

ក្នុងឱកាសនោះ លោក អ៊ី ឈាន បាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់បងប្អូនខ្មែរឥស្លាមទាំងអស់ ក្នុងខេត្តប៉ៃលិន ដោយសម្តេចតែងតែគាំទ្រ និងលើកស្ទួយនូវសិទ្ឋិសេរីភាព រស់នៅរបស់បងប្អូនខ្មែរឥស្លាម នៅទូទាំងប្រទេស រួមទាំងសិទ្ឋិសេរីភាពជំនឿសាសនា និងនយោបាយជាដើម។

លោកបានមានប្រសាសន៍បន្តថា គឺយើងទាំងអស់គ្នា​ បានរស់នៅសុខដុមរម្យនា មកដល់ពេលនេះ គឺដោយសារយើងមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ បើយើងគិតកាលពីជាង៣០ឆ្នាំមុន យើងស្ថិតក្នុងភ្លើងសង្រ្គាម មិនថាប្រជាជនខ្មែរ ឬបងប្អូនខ្មែរឥស្លាម គឺរស់នៅដោយភាពភ័យខ្លាច និងគ្មានសិទ្ធិសេរីភាព គឺត្រូវបានកាប់សំលាប់យ៉ាងព្រៃផ្សៃ ពីរបបបនប្រល័យពូជសាសន៍ ប៉ុល ពត តែដោយមានគណបក្សប្រជាជនកម្ពុជា និងនយោបាយដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន បានរំដោះជាតិ និងបង្រួបបង្រួមជាតិ ឲ្យប្រជាពលរដ្ឋបានរស់រានមានជីវិតឡើងវិញ រហូតមកដល់បច្ចុប្បន្ន គឺរក្សាបានសុខសន្តិភាព ការអភិវឌ្ឍន៍រីកចម្រើនគួរជាទីមោទនៈ ដូចនេះយើងទាំងអស់ ត្រូវបន្តថែរក្សាឲ្យខានតែបាន នូវសុខសន្តិភាពនេះ គឺយើងរស់នៅទាំងអស់គ្នា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សប្បុរ និងជំនឿសាសនា រស់នៅដោយស្មើភាព មានសិទ្ធិសេរីភាព មិនថាបងប្អូនប្រជាពលរដ្ឋខ្មែរ ឬបងប្អូនខ្មែរឥស្លាមឡើយ។

លោកក៏បានថ្លែងអំណរគុណ និងជូនពរដល់បងប្អូនសាសនិកខ្មែរអ៊ីស្លាម​ ទូទាំងខេត្ត សូមជួបប្រទះតែសេចក្តីមេត្តាករុណា សេចក្តីសុខសន្តិភាព សេចក្តីចម្រុងចម្រើន និងសុខដមរម្យនា អំពីព្រះអាឡោះជានិច្ចនិរន្តន៌រហូតតរៀងទៅ។

សូមបញ្ជាក់ថា ការរៀបចំពិធីស្រាយបួល ខែរ៉ាម៉ាឌន ជូនដល់បងប្អូនខ្មែរឥស្លាមខេត្តប៉ៃលិន គឺធ្វើឡើងជារៀងរាល់ឆ្នាំ ដោយលោក អ៊ី ឈាន និងលោកស្រី អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ជួយឧបត្ថម្ភគាំទ្រ គ្រឿងឧបភោគ បរិភោគ បួសទាំងអស់។ ហើយក្នុងឱកាសនេះ​ ក្រៅពីអាហារបួសសម្រាប់បងប្អូន គឺលោក និងលោកស្រី​ បានផ្តល់ជូននូវទឹកសុទ្ធ៥០កេស ទឹកផ្លែឈើ៥០កេស និងថវិកា២លានតៀល សម្រាប់ទុកជូនបងប្អូនស្រាយបួស ថ្ងៃបន្តទៀតផងដែរ៕