(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន​សមាគមអតីតយុទ្ធជនកម្ពុជា នឹងអញ្ជើញ​ជាអធិបតីភាព ក្នុងពិធីរំលឹកខួប ទិវាអតីតយុទ្ធជនកម្ពុជា លើកទី៩ ដែលប្រារព្ធឡើង នៅសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ស្អែកនេះ។

សារលិខិតសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិ ក្នុងឱកាសខួបលើកទី៩ នៃទិវាអតីតយុទ្ធជនកម្ពុជានេះ បានបញ្ជាក់ថា ទិវាអតីតយុទ្ធជនកម្ពុជា ត្រូវបានធ្វើឡើងដើម្បីរំឭកដល់​គំរូវីរភាពដ៏​មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន-យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វ​ហេតុជាតិ មាតុភូមិជាទីស្នេហានៃយើង។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃ២០ ខែមិថុនា ឆ្នាំ២០១៦នេះ លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង នាយឧត្ដមសេនីយ៍ គន់ គឹម អនុប្រធាន និងជាអគ្គលេខា​ធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានចុះត្រួតពិនិត្យការងាររៀបចំសាលសម្រាប់ ខួបទិវាអតីតយុទ្ធជនកម្ពុជាលើកទី៩ នៅកោះពេជ្រ ផងដែរ៕