(ភ្នំពេញ)៖ បេក្ខជន ថែល ថៃ បានក្លាយជាម្ចាស់ពានThe Voice Cambodia រដូវកាលទី២ ដោយទទួលបានការបោះឆ្នោត​គាំទ្រច្រើនជាងគេ កាលពីយប់ថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ។

ជាមួយនឹងជ័យលាភីThe Voice Cambodia កូនក្រុមរបស់Coach ឱក សុគន្ធកញ្ញារូបនេះក៏ទទួលបានទឹកប្រាក់ចំនួន១០០លានរៀលពីកម្មវីធី ទទួលប្រាក់ឧបត្ថម្ភ ២,០០០ដុល្លារ ពីស្រាបៀរកម្ពុជា និង១,០០០ ដុល្លារ ពីក្រុមហ៊ុនហង្សមាស ព្រមទាំងទទួលបានកិច្ចសន្យាជាតារាចម្រៀងផលិតកម្មរស្មីហង្សមាស និងក្លាយជាសមាជិកកម្មវិធីThe Voice ពិភពលោកផងដែរ។

កម្មវិធីនេះ ក៏មានការចូលរួមដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ និងលោកស្រី និងលោកឧញា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត ដែលឧបត្ថម្ភផ្តាច់មុខកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកមួយនេះ និងភ្ញៀវកិត្ដិយសជាច្រើននាក់ផ្សេងទៀត។

គួរបញ្ជាក់ថា ម្ចាស់ជ័យលាភីរូបនេះមានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបានផ្លាស់ប្តូរទីលំនៅទៅខេត្តព្រះវិហារវិញនៅឆ្នាំ២០០៣។ ថែល ថៃជាបេក្ខជនមកពីរាជធានីភ្នំពេញ​ពេលចុះឈ្មោះប្រឡងកម្មវិធី The Voice Cambodia ដែលជាបេក្ខជនដែលមានសមត្ថភាពខ្ពស់ ដោយលោកទទួលបានបួនកៅអីពីCoach ក្នុងវគ្គចម្រុះThe Blind Auditions ហើយ ថែល ថៃ បានបញ្ចេញសមត្ថភាពបានយ៉ាងល្អក្នុងវគ្គជាបន្តបន្ទាប់ ដោយទទួលបានការគាំទ្រពីទស្សនិកជនយ៉ាងខ្លាំងរហូតដល់វគ្គផ្តាច់ព្រ័ត្រនេះ។

ក្នុងវគ្គផ្តាច់ព្រ័ត្រ ថែល ថៃបានបកស្រាយចម្រៀងចំនួនបីបទគឺ «ទូរស័ព្ទអធ្រាត្រឃ្លាតស្នេហ៍» «ពេលបងចាស់» ដោយច្រៀងឆ្លើយឆ្លងជា​មួយCoach ឱក សុគន្ធកញ្ញា និងចង្វាក់ញាក់ «ក្រមុំឡើងថ្លៃ»។

ក្រៅពី ថែល ថៃ បេក្ខជនទាំងបីរូប​ផ្សេងទៀត ដែលឈានដល់វគ្គផ្តាច់ព្រ័ត្ររួមមាន ឃី សុគន្ធ កូនក្រុមរបស់ Caoch ឆន សុវណ្ណារាជ, សាន ស្រីឡៃ កូនក្រុមរបស់​ Coach ពេជ្យ សោភា និងឈិន រតនៈ កូនក្រុមរបស់ Coach ណុប បាយ៉ារិទ្ធ។ បេក្ខជនដែលមិនបានទទួលជ័យលាភីក៏ទទួលបានប្រាក់ឧបត្ថម ២,០០០ដុល្លារពីស្រាបៀរកម្ពុជា និង១,០០០ដុល្លារពីក្រុមហ៊ុនហង្សមាសផងដែរ៕