(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា អ្នកដែលបានបំពាន​ដល់គោលការណ៍​អាស៊ាន នៅឆ្នាំ២០១២នោះ មិនមែនប្រទេសកម្ពុជាទេ ប៉ុន្តែជាប្រទេសវៀតណាម និងហ្វីលីពីន ដែលផ្តើមធ្វើឱ្យអាស៊ាន​មិនបានចេញនូវសេចក្តីថ្លែងការណ៍រួម កាលពីឆ្នាំ២០១២ ទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង។

នៅលើបណ្តាញសង្គម Facebook នារសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរថា «ខ្ញុំចង់បញ្ជាក់ជា បុគ្គលបន្ថែមថា កំហុសមកពី វៀតណាម និង ហ្វីលីពីន ដែលជាលើកទីមួយបានបំពានគោលការណ៍អាស៊ាន នោះគឺគោលការណ៍​កុងសង់ស៊ុស និង ក្នុងករណីមិនមានកុងសង់ស៊ុសលើចំណុចណា អាស៊ានដកបញ្ហានោះចេញ តែនៅឆ្នាំ២០១២ ទាំងវៀតណាម ទាំងហ្វីលីពីន បានដាក់លក្ខខណ្ឌថា បើមិនមានការឯកភាពគ្នា​លើចំណុចសមុទ្រចិនភាគខាងត្បូង ដែលជាចំណុចទាស់មួយក្នុង​ចំណុចឯកភាព​ជាងមួយរយនោះ ខ្លួននឹងមិនព្រមចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមឡើយ»

លោកបានបន្ថែមថា «សូមកុំភ្លេចថា រដ្ឋមន្ត្រីការបរទេសវៀតណាមនៅពេលនោះ ជាកូនរបស់លោកអតីតរដ្ឋមន្ត្រីការបរទេសវៀតណាមដ៏ល្បីល្បាញគឺ លោក ង្វៀនកូថាច់ ដែលជាមុខសញ្ញាមួយ​ដែលចិនទាមទារឱ្យ​ដកចេញ ជាថ្នូរមួយសម្រាប់ “ប្រក្រតីយនីយកម្ម” ទំនាក់ទំនង ចិន-វៀតណាម ។ ការងារទូត មិនមែនជាការគ្រាន់តែស្មានលេង ឬវិភាគដោយ មិនយល់ថា តើមានអ្វីខ្លះ​នៅពីក្រោយវាំងនននោះទេ»។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយ៉ាងមុតមាំថា កម្ពុជានឹងមិនចូលរួមការចេញសេចក្តីថ្លែងការណ៍ណាទាំងអស់ ពាក់ព័ន្ធបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ដោយកម្ពុជាប្រកាន់ជំហរអព្យាក្រឹត្យ ហើយអំពាវនាវឲ្យប្រទេសពាក់ព័ន្ធទាំងអស់ក្នុងជម្លោះជាមួយភាគីចិន ជួបចរចាគ្នាដើម្បីដោះស្រាយគ្នា រវាងប្រទេស​ពាក់ព័ន្ធ៕