(ព្រះសីហនុ)៖ ឧកញ៉ា ទៀ វិចិត្រ ដែលជាពាណិជ្ជករវ័យក្មេងនៅ ខេត្តព្រះសីហនុ ដែលមានទឹកចិត្តសប្បុរសធម៌ បានដឹកនាំក្រុមមនុស្សធម៌ អូរ៣ ព្រមទាំងក្រុមគ្រួសារ ទៅសួរសុខទុកកុមារដែលបានខ្វះខាត កំពុងស្នាក់នៅរៀនសូត្រ ក្នុងអង្គការម្លប់តាប៉ោង ដើម្បីចែកអំណោយជា គ្រឿងឧបភោគបរិភោគ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៦នេះ ហើយត្រូវនឹងថ្ងៃខួបកំណើតកូនស្រីសំណប់ចិត្ត។

ក្នុងនោះដែរ ឧកញ៉ា ទៀ វិចិត្រ បានថ្លែងថា «ថ្ងៃនេះ គឺជាថ្ងៃប្រារព្ធខួបកំណើត១ឆ្នាំ នៃកូនស្រីពៅសំណព្វចិត្តរបស់ខ្ញុំ ឈ្មោះ ទៀ ម៉ាហ្វីយ៉ា ប៉ុន្តែដោយមើលឃើញពីទុក្ខលំបាករបស់អង្គការ ក្នុងការផ្គត់ផ្គង់ស្បៀងអាហារយ៉ាងច្រើនជូនប្អូនៗ ក្មួយៗកុមារជារៀងរាល់ថ្ងៃដែលកំពុង រស់នៅរៀនសូត្រ ក្នុងអង្គការម្លប់តាប៉ាង ដែលមានជីវភាពលំបាក និងមានសុខភាពមិនល្អខ្វះជីវជាតិជាដើម ទើបខ្ញុំសម្រេចចិត្តបង្វែរ កម្មវិធីនេះ មកប្រព្រឹត្តនៅក្នុងអង្គការម្លប់តាប៉ាងនេះ ផ្ទាល់តែម្តង»។

តំណាងអង្គការម្លប់តាប៉ាង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា ក្មេងៗដែលកំពុងរស់នៅរៀនសូត្រ នៅអង្គការនេះ មានប្រមាណ៥០០នាក់ ដែលសុទ្ធសឹងជាក្មេងដែលគ្រួសាររបស់ពួកគេមានការលំបាកក្នុងជីវភាពជាទីបំផុត ហើយអង្គការ ក្នុង១ថ្ងៃ ត្រូវចំណាយអង្ករ១០០គីឡូ និងម្ហូបអាហារជាច្រើនទៀតសំរាប់ ផ្គត់ផ្គង់ដល់ពួកគេ។ ជាងនេះទៅទៀត ឧកញ៉ា ទៀ វិចិត្រ ក៏បានឧបត្ថម្ភផ្តល់ថវិការ២លានរៀល ជារៀងរាល់ខែដល់អង្គការម្លប់ តាប៉ាងសំរាប់បំរើឲ្យសេចក្តីត្រូវការផ្សេងៗ ដើម្បីជាប្រយោជន៍ដល់ ប្អូនៗកុមារ ដែលជាទំពាងស្នងឬស្សីរបស់យើងទាំងអស់គ្នាផងដែរ និងបានឧបត្ថម្ភម្ហូបអាហារ ភេសជ្ជៈទាំងស្រុងសម្រាប់ប្អូនៗកុមារ បានញ៉ាំលេងកំសាន្តសប្បាយ ក្នុងឱកាសប្រារព្ធខួបកំណើតកូនស្រីពៅរបស់ឧកញ៉ាផងដែរ៕